(ស៉ីដនី)៖ អាជ្ញាធរអូស្រ្តាលីកំពុងបន្តប្រឹងប្រែងស្រាវជ្រាវ រកប្រភពនៃការផ្ទុះឡើងនូវករណីឆ្លង COVID-19 ក្នុងសហគមន៍សាជាថ្មី នៅទីក្រុងស៉ីដនី នៃរដ្ឋ New South Wales។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១។

កាលពីថ្ងៃពុធសប្តាហ៍នេះ អាជ្ញាធររដ្ឋ New South Wales បានប្រកាសពីការរកឃើញបុរសម្នាក់ឆ្លងជំងឺ COVID-19 នៅក្នុងស្រុកផ្ទាល់ ប៉ុន្តែមិនអាចកំណត់ច្បាស់ពីប្រភពពីការឆ្លងនោះឡើយ។ វាជាករណីឆ្លងក្នុងសហគមន៍មួយករណីដំបូង ដែលត្រូវបានរកឃើញនៅក្នុង រដ្ឋមានមនុស្សរស់នៅច្រើនបំផុតរបស់អូស្រ្តាលីមួយនេះ គិតចាប់តាំងពីថ្ងៃទី៣១ ខែមីនា កន្លងទៅ។ បើតាមអាជ្ញាធរអូស្រ្តាលី បុរសម្នាក់នោះបានធ្វើដំណើរ ទៅកាន់កន្លែងច្រើនគួរសម ដូច្នេះហើយប្រហែលអាចចម្លងជំងឺនេះ ដល់អ្នកផ្សេងទៀតផងដែរ។

គួរបញ្ជាក់ថា វិធានការតឹងរ៉ឹងដែលអូស្រ្តាលី ប្រើប្រាស់ដើម្បីគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺ COVID-19 រួមមានការបិទខ្ទប់ប្រទេសទាំងស្រុង និងការបិទព្រំដែនជាដើម បានជួយឲ្យប្រទេសធំមួយនេះ រក្សាចំនួនករណីឆ្លងសរុបឲ្យនៅត្រឹមជាង២៩,៨០០នាក់ ក្នុងនោះស្លាប់៩១០នាក់ ចាប់តាំងតែពីវាបានផ្ទុះឡើងដំបូង កាលពីជាងមួយឆ្នាំមុន៕