(កង់បេរ៉ា)៖ រដ្ឋមានមនុស្សរស់នៅច្រើនបំផុតនៃប្រទេសអូស្រ្តាលី នៅថ្ងៃពុធនេះបានរាយការណ៍ពី ករណីឆ្លងក្នុងសហគមន៍លើកដំបូងនៃ COVID-19 បើគិតក្នុងរយៈពេលជាង០១ខែមកនេះ ខណៈអាជ្ញាធរអូស្រ្តាលីកំពុងតែស្វែងរកប្រភព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១។

អាជ្ញាធរសុខាភិបាលនៃរដ្ឋ New South Wales របស់អូស្រ្តាលី បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ទោះបីជាប្រទេសអូស្រ្តាលីទាំងមូល បានកម្ចាត់វត្តមានជំងឺ COVID-19 សឹងទាំងស្រុងក៏ដោយ បុរសវ័យ៥០ឆ្នាំម្នាក់នៅក្នុងរដ្ឋនេះ ដែលត្រូវគេដឹងថាមិនមានទាក់ទងទៅនឹង សណ្ឋាគារណាមួយ ដែលត្រូវបានប្រើប្រាស់សម្រាប់ធ្វើចត្តាឡីស័ក អ្នកដំណើរមកពីក្រៅប្រទេសផងដែរ ទើបតែបានធ្វើតេស្តវិជ្ជមាន ចំពោះ COVID-19 កាលពីថ្ងៃអង្គារសប្តាហ៍នេះ។

គួរបញ្ជាក់ថា វិធានការតឹងរ៉ឹងដែលអូស្រ្តាលី ប្រើប្រាស់ដើម្បីគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺ COVID-19 រួមមានការបិទខ្ទប់ប្រទេសទាំងស្រុង និងការបិទព្រំដែនជាដើម បានជួយឲ្យប្រទេសធំមួយនេះ រក្សាចំនួនករណីឆ្លងសរុបឲ្យនៅត្រឹមជាង២៩,៨០០នាក់ ក្នុងនោះស្លាប់៩១០នាក់ ចាប់តាំងតែពីវាបានផ្ទុះឡើងដំបូង កាលពីជាងមួយឆ្នាំមុន៕