(ញូដេលី)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អ្នកឆ្លងជំងឺ COVID-19 សរុប ៣៨២,៣១៥នាក់ទៀតត្រូវបានរកឃើញ និងអ្នកជំងឺ ៣,៧៨០នាក់បាត់បង់ជីវិត ដែលនេះជាសញ្ញាបង្ហាញថា ស្ថានការណ៍នៅក្នុងប្រទេសឥណ្ឌាទាំងមូល កំពុងឈានទៅរកចំណុចកាន់តែអាក្រក់បំផុត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន India Today នាថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១។

សម្រាប់រដ្ឋដែលកំពុងរងគ្រោះដោយករណីឆ្លង COVID-19 ច្រើនជាងគេបំផុតនោះគឺ មហារ៉ាស្ត្រា (Maharashtra), កាណាតាកា (Karnataka), គែរ៉ាឡា (Kerala), យូតតា ប្រាដែស (Uttar Pradesh) និង តាមិល ណាឌូ (Tamil Nadu) ជាដើម ដោយរដ្ឋនីមួយៗរកឃើញករណីឆ្លងចាប់ពីជាង ២០,០០០នាក់ ទៅជាង ៥០,០០០នាក់ក្នុង១ថ្ងៃ។ រដ្ឋដែលមានមនុស្សស្លាប់ដោយសារ COVID-19 ច្រើនជាងគេគឺ Maharashtra។

គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២០,៦៥៨,២៣៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ២២៦,១៦៩នាក់ និងជាសះស្បើយឡើងវិញជិត ១៧លាននាក់។ ដោយឡែកអ្នកជំងឺកំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាលមានរហូតដល់ទៅ ៣.៥លាននាក់ឯណោះ ដែលកំពុងដាក់បន្ទុកកាន់តែធ្ងន់ ដល់វិស័យសុខាភិបាលទូទាំងប្រទេស ខណៈអុកស៊ីសែននៅតែខ្វះខាត និងគ្មានគ្រែសម្រាប់ទទួលអ្នកជំងឺថ្មីៗ៕