(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤២,៣៥៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨៥៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,២៧៤,៦៥៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៩២,៤០៩នាក់ និងជាសះស្បើយឡើងសរុប ២៥,៩៦៦,៣៨៩នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣១លាននាក់។

នៅថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហាញចេតនាចង់ឱ្យប្រជាជនអាមេរិកពេញវ័យ ៧០ភាគរយទទួលបានការចាក់វ៉ាក់សាំង COVID-19 យ៉ាងហោចដូសទី១ នៅមុនថ្ងៃទី០៤ ខែកក្កដា ដែលត្រូវជាថ្ងៃបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក ហើយទើបចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង ជូនក្រុមមនុស្សវ័យជំទង់ដែលមានអាយុចន្លោះពី ១២-១៥ឆ្នាំ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ ខែសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២៤៧.៥លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៤៧.៥២លាននាក់ (៤៤.៩%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១០៥.៥២លាននាក់ (៣២.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕