(សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលសិង្ហបុរីបាននិយាយថា ចង្កោមកូវីដ-១៩ ដែលកំពុងកើនឡើងនៅមន្ទីរពេទ្យ Tan Tock Seng Hospital (TTSH) គឺត្រូវបានជំរុញដោយវីរុសបំប្លែងខ្លួនថ្មី ដែលអាចធ្វើការចម្លងបានកាន់តែលឿន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Strait Times នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១។

លោក Kenneth Mak នាយកផ្នែកសេវាកម្មសុខាភិបាល នៃក្រសួងសុខាភិបាលសិង្ហបុរីបានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា ករណីជាច្រើននៃវីរុសបំប្លែងខ្លួនថ្មី ដែលកំពុងសាយភាយទូទាំងពិភពលោកត្រូវបានគេរកឃើញនៅទីនេះ។

ក្នុងនោះរួមមានទាំង វីរុសបំប្លែងខ្លួនថ្មី B.1351 ដែលមានដើមកំណើតនៅអាហ្វ្រិកខាងត្បូង និងវីរុស P.1 ដែលមានដើមកំណើតនៅប្រទេសប្រេស៊ីល ព្រមទាំងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌា ដែលត្រូវបានគេជឿថានៅពីក្រោយ នៃរលកឆ្លងជាលើកទីពីរដ៏សាហាវនៅក្នុងប្រទេសឥណ្ឌាបច្ចុប្បន្នផងដែរ។

អាជ្ញាធរបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីមាន ០៧ករណីជាវីរុសបំប្លែងខ្លួនឥណ្ឌា។ ហើយ ៥ករណីក្នុងចំណោមនោះទៀតសោត ត្រូវបានរកឃើញនៅក្នុងមន្ទីរពេទ្យ Tan Tock Seng ដែលរហូតមកទល់ពេលនេះ មានបុគ្គលិកពេទ្យ និងសាច់ញាតិរបស់ពួកគេ ចំនួន ៤០នាក់ហើយដែកបានឆ្លងជំងឺដ៏កាចសាហាវនេះ។

គួរបញ្ជាក់ថា នេះគឺជាករណីឆ្លង COVID-19 ជាចង្កោមនៅក្នុងមន្ទីរពេទ្យជាលើកដំបូងបំផុតក្នុងប្រទេសសិង្ហបុរី ហើយអគារ Ward 9D និង Ward 7D នៃមន្ទីរពេទ្យ TTSH ត្រូវបានបិទខ្ទប់ ឬ Lockdown ជាបណ្ដោះអាសន្ន។ បើតាមគេហទំព័រ worldometer សិង្ហបុរីបច្ចុប្បន្នមានអ្នកឆ្លង COVID-19 ចំនួន ៦១,២៥២នាក់ ក្នុងនោះស្លាប់៣១នាក់ និង៦០,៨០៨នាក់ជាសះស្បើយឡើងវិញ៕