(វ៉ាស៉ីនតោន)៖ អ្នកជំនាញកំពូលផ្នែកសុខភាពសាធារណៈរបស់សហរដ្ឋអាមេរិក គឺលោក Anthony Fauci នៅថ្ងៃចន្ទសប្តាហ៍នេះ បានសម្តែងក្តីបារម្ភជុំវិញអត្រាឆ្លងរាលដាលដ៏ខ្ពស់បំផុតនៃជំងឺ COVID-19 នៅប្រទេសឥណ្ឌា ហើយលោកក៏បានផ្តល់ការណែនាំមួយចំនួនផងដែរ ដូចជាការបិទប្រទេសទាំងស្រុង យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ និងការសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ន ឲ្យបានច្រើនតាមធ្វើទៅបាន ជាដើម។ នេះបើតាមការចេញផ្សាយដោយវែបសាយព័ត៌មាន Mint នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១។

ក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មាន PTI របស់ឥណ្ឌា លោក Anthony Fauci បាននិយាយថា ដើម្បីឆ្លើយតបចំពោះវិបត្តិ COVID-19 ដ៏ធ្ងន់ធ្ងរនេះ ឥណ្ឌាអាចធ្វើរឿងមួយចំនួន តែលោកបានបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌាក៏ប្រហែលគិតឃើញរួចហើយដែរ។ ទីមួយគឺការចាក់វ៉ាក់សាំងប្រជាជនឲ្យបានច្រើន តាមតែអាចទៅរួច ដោយប្រើវ៉ាក់សាំងដែលពួកគេផលិតក្នុងស្រុកផ្ទាល់ផង និងវ៉ាក់សាំងដែលពួកគេអាចទិញពីប្រទេសដទៃផង មិនថាប្រទេសណាមួយឡើយ។

ប៉ុន្តែលោក Fauci បានលើកឡើងថា ការចាក់វ៉ាក់សាំងថ្ងៃនេះ មិនអាចដោះស្រាយបញ្ហានៅថ្ងៃនេះតែម្តងនោះទេ គឺវានឹងជួយទប់ស្កាត់បញ្ហាពេលខាងមុខ ចាប់ពីឥឡូវទៅ។ ដំណោះស្រាយសម្រាប់បញ្ហាភ្លាមៗចំពោះមុខ គឺការបិទប្រទេសទាំងស្រុង មិនមែនត្រឹមផ្នែកខ្លះទេ ដែលការបិទប្រទេសទាំងមូលនេះ អាចមានរយៈពេលត្រឹមសមល្មម មិនចាំបាច់ដល់រាប់ខែឡើយ ឲ្យតែបានបិទទាំងស្រុង ដើម្បីកាត់ផ្តាច់ចរន្តនៃការឆ្លងរាលដាល គឺដូចអ្វីដែលប្រទេសមួយចំនួន ដូចជាចិន អូស្រ្តាលី និងនូវែលសេឡង់ បានធ្វើនាពេលកន្លងទៅ។

ក្រៅពីនេះ លោក Fauci ក៏បានផ្តល់យោបល់ឲ្យឥណ្ឌា ចល័តកងទ័ពដើម្បីសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ន ឲ្យបានច្រើនកន្លែងផងដែរ ដើម្បីផ្តល់កន្លែងព្យាបាលត្រឹមត្រូវ ដល់អ្នកជំងឺដ៏ច្រើនលើសលុប។

គួរបញ្ជាក់ថា ជាចុងក្រោយ អ្នកជំនាញផ្នែកសុខាភិបាលអាមេរិករូបនេះ បានអំពាវនាវឲ្យពិភពលោករួមគ្នាជួយឥណ្ឌា តាមរយៈការផ្តល់សម្ភារៈផ្សេងៗ ឬក៏កម្លាំងមនុស្សក៏បានដែរ។ បើតាមលោក Fauci ជារឿយៗ ឥណ្ឌាបានជួយប្រទេសដទៃទៀត ដែលស្ថិតក្នុងគ្រាមានអាសន្ន ដូច្នេះហើយដោយសារឥឡូវ ឥណ្ឌាកំពុងស្ថិតក្រោមស្ថានការណ៍ដ៏លំបាកបំផុត ពិភពលោកគួរតែសហការគ្នាជួយពួកគេ ដូចទៅនឹងអ្វីដែលសហរដ្ឋអាមេរិកកំពុងតែធ្វើដែរ៕