(ប្រ៊ុយណេ)៖ ក្រសួងសុខាភិបាលនៃប្រទេសប្រ៊ុយណេបានរំពឹងថា ខ្លួននឹងផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអាមេរិកចំនួនពីរនោះគឺ Pfizer និង Moderna ជូនដល់ប្រជាជនប្រហែល ៥៥ភាគរយ នៃប្រជាជនសរុបរបស់ខ្លួននៅចុងឆ្នាំ២០២១នេះ។ នេះបើតាមចេញផ្សាយ ដោយសារព័ត៌មានប្រ៊ុយណេ Borneo Bulletin នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១។

រដ្ឋមន្រ្តីសុខាភិបាលប្រុយណេ បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទសប្ដាហ៍នេះថា វ៉ាក់សាំង Pfizer សរុបចំនួន ៣០០,០០០ដូស និងវ៉ាក់សាំង Moderna សរុបចំនួន ២០០,០០០ដូស នឹងត្រូវផ្តល់ជូនមកកាន់ប្រទេសប្រុយណេ នៅប៉ុន្មានខែខាងមុខនេះ។

បច្ចុប្បន្នប្រទេសប្រុយណេកំពុងប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ជាមួយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនចិន Sinopharm ដើម្បីទ្រទ្រង់យុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់ខ្លួន ដែលតម្រូវឱ្យមានការចាក់ចំនួន ០២ដូស។ គិតត្រឹមថ្ងៃអង្គារនេះ ប្រទេសប្រ៊ុយណេដែលមានប្រជាជនសរុបតែជាង ៤៤០,០០០នាក់ បានរកឃើញករណីឆ្លង COVID-19 សរុប ២២៨ករណី ក្នុងនោះមានអ្នកស្លាប់ ០៣នាក់ និងជាសះស្បើយវិញ ២១៨នាក់៕