(រ៉ង់ហ្គូន)៖ មានសេចក្តីរាយការណ៍នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ នេះថា របបយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់ អ្នកកាសែតជប៉ុនម្នាក់ក្រោមច្បាប់ប្រឆាំង «ព័ត៌មានក្លែងក្លាយ» ដោយប្រការនេះត្រូវបានក្រុមសារព័ត៌មានចោទបកទៅវិញថា សេរីភាពសារព័ត៌មានកំពុងរង ការវាយប្រហារបន្ថែមទៀត ចាប់តាំងពីយោធាបានឡើងកាន់កាប់អំណាច។

បើតាមរបាយការណ៍របស់ ទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ (Kyodo) អ្នកសារព័ត៌មានឯករាជ្យជប៉ុនម្នាក់ គឺលោក យូគិ គីតាហ្ស៊ូមិ (Yuki Kitazumi) ដែលត្រូវបានចាប់ខ្លួនកាលពីខែមេសា និងរងការចោទប្រកាន់កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៅចំឱកាសនៃការប្រារព្ធ «ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា» តែម្តង។

លោក Yuki Kitazumi គឺជាអ្នកសារព័ត៌មានម្នាក់ ក្នុងចំណោមអ្នកសារព័ត៌មានចំនួន ៥០នាក់ ដែលបច្ចុប្បន្នកំពុងជាប់ឃុំខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោស្រី ស៊ូ ជី កាលពីថ្ងៃទី០១ ខែកុម្ភៈ។ សារព័ត៌មានជប៉ុន Kyodo បានដកស្រង់សម្តីមន្ត្រីស្ថានទូតជប៉ុនម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះថា លោក Kitazumi មិនមានបញ្ហាសុខភាពទេ បើទោះបីជាលោកបានចំណាយពេល ជាច្រើនសប្តាហ៍នៅក្នុងពន្ធនាគារ អ៊ីនសេន (Insein) នៃទីក្រុងរ៉ង់ហ្គូនក៏ដោយ។

គួរបញ្ជាក់ថា លោក Kitazumi បានជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ ចាប់តាំងពីថ្ងៃទី១៨ ខែមេសា និងជាលើកទី ២ ដែលលោកត្រូវបានចាប់ខ្លួន ចាប់តាំងពីក្រោយការផ្ទុះរដ្ឋប្រហារ។ កាលពីខែកុម្ភៈ លោកត្រូវបានកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាវាយដំ និងត្រូវបានចាប់ឃុំខ្លួនរយៈពេលខ្លី ក្នុងអំឡុងពេលនៃការបង្ក្រាបលើក្រុមអ្នកតវ៉ា ប៉ុន្តែក្រោយមកលោកត្រូវបានដោះលែងវិញ៕