(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម បានសម្រេចបន្ថែមពេលវេលា សម្រាប់អ្នកដែលត្រូវធ្វើចត្តាឡីស័កនៅក្នុងប្រទេសខ្លួន បន្ទាប់ពីមានការលេចឡើងជាថ្មី នូវករណីឆ្លង COVID-19 ក្នុងសហគមន៍។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន VN Express នៅរសៀលថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា បុគ្គលទាំងឡាយណា ដែលបានបញ្ចប់ការតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ហើយធ្វើតេស្តអវិជ្ជមាន ០២លើក ក្រោយចូលមកដល់ប្រទេសវៀតណាម គឺនឹងមិនទាន់អនុញ្ញាតឲ្យចេញពីកន្លែងចត្តាឡីស័កភ្លាមៗ ដូចមុនទៀតឡើយ។ គោលការណ៍ថ្មីនឹងចាប់ផ្តើមពីថ្ងៃអង្គារនេះទៅ ប៉ុន្តែពុំមានការបញ្ជាក់ច្បាស់លាស់ពី «រយៈពេលដែលត្រូវបន្ថែម» នោះនៅឡើយទេ។

បើតាមក្រសួងសុខាភិបាលវៀតណាម ការសម្រេចបែបនេះ គឺដោយសារការរកឃើញករណីឆ្លងមួយចំនួន ក្រោយពួកគេបញ្ចប់ការធ្វើចត្តាឡីស័ក ១៤ថ្ងៃ ហើយធ្វើតេស្តអវិជ្ជមាន ០២ដងថែមទៀត។ ក្នុងរយៈពេល ០៦ថ្ងៃចុងក្រោយ មានករណីបែបនេះយ៉ាងហោច ០៣ករណី ហើយបានរាលដាលចូលដល់សហគមន៍។

គួរបញ្ជាក់ថា ការឆ្លងរាតត្បាត COVID-19 បានផ្ទុះឡើងជាថ្មីនៅវៀតណាម កាលពីថ្ងៃទី២៩ ខេមេសា នៅពេលបុរសវ័យ ២៨ឆ្នាំម្នាក់ ធ្វើតេស្តវិជ្ជមាន នៅខេត្ត ហា ណាម (Ha Nam) ភាគខាងជើងប្រទេស។ បុរសម្នាក់នោះបានត្រឡប់មកពីជប៉ុន កាលពីថ្ងៃទី០៧ ខែមេសា និងត្រូវបានធ្វើចត្តាឡីស័ក ០២សប្តាហ៍ នៅទីក្រុង ដា ណាង (Da Nang) ភាគកណ្តាល។ ចាប់តាំងពីករណីដំបូងនោះមក ករណីឆ្លងសរុប ៣៥ករណីទៀត ត្រូវបានរកឃើញនៅតាមខេត្ត-ក្រុងចំនួន ០៥ រួមមានទាំងរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញផងដែរ។

គិតត្រឹមថ្ងៃអង្គារនេះ វៀតណាមមានករណីឆ្លង COVID-19 សរុប ២,៩៨៥ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងជាសះស្បើយវិញ ២,៥៦០នាក់។ ចំនួនករណីឆ្លងសរុបបានកើនឡើងតែបន្តិចប៉ុណ្ណោះ ក្រោយករណីឆ្លងក្នុងសហគមន៍ចំនួន ០២នាក់ទៀត ត្រូវបានរាយការណ៍ចេញពីទីក្រុងហាណូយ និងទីក្រុង ដា ណាង កាលពីព្រឹកថ្ងៃអង្គារ, នេះបើតាមការផ្សាយដោយ VN Express៕