(ញូដេលី)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា ខ្លួនបានប្រាប់រដ្ឋាភិបាលឥណ្ឌាមិនឱ្យមានការព្រួយបារម្ភ អំពីសុវត្ថិភាពវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន ស្របពេលដែលប្រទេសនេះ ទទូចឱ្យមានការធ្វើតេស្តសាកល្បងកម្រិតតូចក្នុងស្រុកជាមុនសិន សម្រាប់វ៉ាក់សាំងបរទេស បើទោះបីជាកំពុងប្រឈមការកើនឡើងខ្លាំង នូវចំនួនករណីឆ្លង និងបញ្ហាកង្វះខាតវ៉ាក់សាំងក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១។

កាលពីពាក់កណ្តាលខែមេសាកន្លងទៅ រដ្ឋាភិបាលឥណ្ឌាបានផ្តល់ភាពងាយស្រួលជាងមុន សម្រាប់ឱ្យវ៉ាក់សាំងបរទេស ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅបណ្តាប្រទេសលោកខាងលិច និងនៅជប៉ុន អាចលក់មកឱ្យប្រទេសឥណ្ឌាបាន ក៏ប៉ុន្តែក្រុមហ៊ុនទាំងនោះ នៅតែត្រូវរៀចំការធ្វើតេស្តសាកល្បងទ្រង់ទ្រាយតូចសិន នៅប្រទេសឥណ្ឌាផ្ទាល់ ក្នុងរយៈពេល៣០ថ្ងៃ ក្រោយទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់។ មុនការកែសម្រួល ក្រុមហ៊ុនវ៉ាក់សាំងបរទេស គឺតម្រូវឱ្យធ្វើតេស្តនោះ មុនទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ទៅទៀត។

ឥណ្ឌាបានបើកឱ្យក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer, Johnson & Johnson និង Moderna លក់វ៉ាក់សាំងរបស់ពួកគេ មកកាន់ប្រទេសនេះ ប៉ុន្តែមិនទាន់មានក្រុមហ៊ុនណាមួយ ដាក់ពាក្យធ្វើដូច្នោះនៅឡើយទេ។ ទោះយ៉ាងណា ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួនកំពុងបើកកិច្ចពិភាក្សាជាថ្មីជាមួយរដ្ឋាភិបាលឥណ្ឌា បន្ទាប់ពីខ្លួនបានដកពាក្យស្នើសុំដំបូងចោលវីញ កាលពីខែកុម្ភៈកន្លងទៅ ជុំវិញការតម្រូវឱ្យធ្វើតេស្តវ៉ាក់សាំងនៅឥណ្ឌា មុនទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់។

នៅពេលត្រូវបានគេសួរថា តើក្រុមហ៊ុន Pfizer បានព្យាយាមសុំការលើកលែង ចំពោះគោលការណ៍តម្រូវឱ្យធ្វើតេស្តសាកល្បង ដែលត្រូវបានកែសម្រួលថ្មី ក្នុងការពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌាដែរឬអត់នោះ អ្នកនាំពាក្យក្រុមហ៊ុននេះ បានឆ្លើយប្រាប់សារព័ត៌មាន Reuters ថា «ការដាក់ពាក្យស្នើសុំការអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ Pfizer ក្រោមលក្ខខណ្ឌប្រើប្រាស់បន្ទាន់ ត្រូវបានគាំទ្រដោយទិន្នន័យ ដែលបង្ហាញពីអត្រាប្រសិទ្ធភាពសរុប៩៥ភាគរយ ប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ដោយគ្មានក្តីបារម្ភអំពីសុវត្ថិភាពឡើយ»។

អ្នកនាំពាក្យរូបនោះបានបន្ថែមទៀតថា ទិន្នន័យសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំង Pfizer ត្រូវបានគាំទ្រដោយ អាជ្ញាធរនិយតករនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសជប៉ុន និងសូម្បីតែអង្គការសុខភាពពិភពលោក (WHO) ដែលប្រទេសឥណ្ឌាផ្ទាល់ គាំទ្រនិងជឿទុកចិត្តខ្ពស់៕