(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅថ្ងៃអង្គារនេះបានការពារខ្លួនពីការចោទប្រកាន់រើងអើសពូជសាសន៍ និងដៃប្រឡាក់ឈាម ខណៈ លោកផ្ទាល់បានដកថយពីការព្រមានដាក់ពន្ធនាគារលើពលរដ្ឋអូស្ត្រាលីដែលគេចវេស ឬបំពានបម្រាមការធ្វើដំណើរមកពីឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១។

រដ្ឋាភិបាលរបស់លោក Scott Morrison កាលពីសប្ដាហ៍មុនបានដាក់ចេញបម្រាមដ៏តឹងរ៉ឹងលើអ្នកដំណើរមកពីប្រទេសឥណ្ឌាមិនឱ្យចូលចូលមកក្នុង ប្រទេសអូស្រ្តាលី រហូតដល់ថ្ងៃទី១៥ ខែឧសភា ជាមួយព្រមានថាអ្នកដែលបំពានវិធាននេះ រួមទាំងពលរដ្ឋអូស្ត្រាលីអាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់ ឬជាប់ពន្ធនាគារជាច្រើនឆ្នាំ។

យ៉ាងណាក៏ដោយ ឆ្លើយតបទៅនឹងការរិះគន់នេះ លោក Morrison នៅថ្ងៃអង្គារនេះបាននិយាយថាវាប្រហែលជាមិនអាចទៅរួចឡើយដែលពលរដ្ឋអូស្ត្រាលីដែល បំពានបម្រាមត្រូវជាប់ពន្ធនាគារ។ «ខ្ញុំគិតថារឿងបែបនេះ កម្រិតដែលអាចនឹងកើតឡើងគឺសូន្យភាគរយ»។ នេះជាការគូសបញ្ជាក់របស់លោក Morrison នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី។

គួរបញ្ជាក់ថា ពលរដ្ឋអូស្ត្រាលីប្រហែលជា ៩,០០០នាក់ ត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅក្នុងប្រទេសឥណ្ឌា ជាទីដែលករណីឆ្លង COVID-19 កំពុងវាយលុក យ៉ាងគំហុករហូតដល់មន្ទីរពេទ្យសឹងតែគ្មានគ្រែសម្រាប់ព្យាបាលអ្នកជំងឺ៕