(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣៩,៧៦៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣១២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,២៣០,៥៦១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៩១,៥១៤នាក់ និងជាសះស្បើយឡើងសរុប ២៥,៩០៩,៣៩៣នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣១លាននាក់។

នៅដើមសប្តាហ៍នេះ មន្ត្រីរដ្ឋាភិបាលអាមេរិកមួយរូបបានបង្ហើបឲ្យដឹងថា រដ្ឋបាលឱសថ និងចំណីអាហារ (FDA) អាចនឹងអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer ទៅលើក្មេងជំទង់អាយុចាប់ពី ១២-១៥ឆ្នាំនៅសប្តាហ៍ក្រោយនេះ ហើយការអនុម័តឲ្យប្រើបន្ថែមទៀត ទៅលើមនុស្សមានវ័យក្មេងជាងនេះ អាចនឹងត្រូវការពេលប៉ុន្មានខែទៀត។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២៤៦លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៤៧.០៤លាននាក់ (៤៤.៨%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១០៤.៨លាននាក់ (៣១.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕