(ឡុងដ៍)៖ ក្រុមប្រទេស G7 មានបំណងបង្កើតសម្ព័ន្ធភាពថ្មីមួយ ដើម្បីប្រកួតប្រជែងជាមួយចិន និងរុស្ស៊ី ដោយមិនចង់គ្រប់គ្រង ឬរារាំងការអភិវឌ្ឍរបស់ចិន ខណៈបន្តរក្សាទំនាក់ទំនង ប្រកបដោយស្ថិរភាពជាមួយរុស្ស៊ី។ នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសអាមេរិក ដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១។

រដ្ឋមន្ត្រីការប្រទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) ធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅក្នុងជំនួបទ្វេភាគីមុនចូលរួមក្នុងកិច្ចប្រជុំកំពូល ថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រភេទ G7។ លោក Blinken បានគូសបញ្ជាក់ដូច្នេះថា «វាមិនមែនជាគោលបំណងរបស់ពួកយើងឡើយ ក្នុងការព្យាយាមគ្រប់គ្រងចិន ឬក៏រារាំងការអភិវឌ្ឍរបស់ចិន។ ប៉ុន្តែបណ្ដាប្រទេសលោកខាងលិច នឹងការពារសណ្ដាប់ធ្នាប់អន្តរជាតិជាមូលដ្ឋាន ពីការធ្វើសកម្មភាពបំផ្លិចបំផ្លាញ ពីសំណាក់បណ្ដាប្រទេសណាមួយចំនួន ក្នុងនោះរួមទាំងចិនផងដែរ»

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល G7 ដែលកំពុងប្រព្រឹត្តទៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នឹងពិភាក្សាដោយផ្ដោតជាសំខាន់លើចិន រុស្ស៊ី រួមទាំងវិបត្តិ COVID-19 និងបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។ ម្យ៉ាងវិញទៀត កិច្ចប្រជុំក្នុងសប្ដាហ៍នេះគឺជាជំនួបទល់មុខជាលើកដំបូងបំផុត ចាប់តាំងពីឆ្នាំ២០១៩៕