(ម៉ានីឡា)៖ មនុស្សជំនិតរបស់ប្រធានាធិបតីហ្វីលីពីនបានឲ្យដឹងថា លោក Rodrigo Duterte បានទទួលចាក់វ៉ាក់សាំងដូសដំបូង នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinopharm នៅថ្ងៃច័ន្ទ ទី៣ ខែឧសភានេះ ដើម្បីលើកទឹកចិត្តប្រជាជនហ្វីលីពីន ដែលមានការស្ទាក់ស្ទើរក្នុងការទទួលចាក់វ៉ាក់សាំងនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Christopher Go សមាជិកព្រឹទ្ធសភា និងជាជំនួយការដ៏ជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីបានឲ្យដឹងថា លោក Duterte ដែលមានអាយុ ៧៦ឆ្នាំ បានទទួលចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី១ របស់ក្រុមហ៊ុន Sinopharm និងដើម្បីលើកទឹកចិត្តឱ្យសាធារណជនទទួលចាក់វ៉ាក់សាំងនេះ។

កំឡុងពេលចាក់ ដែលបានចាក់ផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុក លោក Duterte បាននិយាយដូច្នេះថា «ខ្ញុំមានអារម្មណ៍ល្អ ហើយខ្ញុំរំពឹងថានឹងបានចាក់វ៉ាក់សាំងនេះជាយូរមកហើយ»

គួរបញ្ជាក់ថា ពាក្យស្នើសុំប្រើប្រាស់បន្ទាន់របស់វ៉ាក់សាំង Sinopharm នៅក្នុងប្រទេសហ្វីលីពីន នៅតែស្ថិតក្នុងស្ថានភាពរង់ចាំនៅឡើយ ប៉ុន្តែនិយតករស្បៀងអាហារ និងឱសថរបស់ប្រទេសនេះ បានយល់ព្រមឲ្យប្រើប្រាស់វ៉ាល់សាំងនេះ ចំនួន ១០,០០០ដូសសម្រាប់ព័ត៌មានលម្អិតអំពីសុវត្ថិភាពរបស់វា។

រហូតមកទល់ពេលនេះ ហ្វីលីពីនបានកត់ត្រាករណីឆ្លង COVID-19 សរុបចំនួន ១.០៦លានករណី ក្នុងនោះស្លាប់ ១៧,៥២៥នាក់ ដោយឈរចំណាត់ថ្នាក់លេខពីរ នៅក្នុងចំណោមប្រទេសសមាជិកអាស៊ាន តាមពីក្រោយប្រទេសឥណ្ឌូនេស៊ី៕