(ហ្សឺណែវ)៖ កម្មវិធីចែកចាយវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក ដែលហៅកាត់ថា COVAX បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង COVID-19 ចំនួន ៥០០លានដូសពីក្រុមហ៊ុន Moderna ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Econamic Times នៅថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១។

ដូសដែលនឹងត្រូវដាក់ឱ្យដំណើរការចាប់ពីខែតុលាខាងមុខ នឹងពង្រីកបរិមាណវ៉ាក់សាំងនៅក្នុងគម្រោង COVAX ដែលរហូតមកដល់ពេលនេះបានពឹងផ្អែកយ៉ាងខ្លាំងទៅលើវ៉ាក់សាំង AstraZeneca ដែលកំពុងជួបបញ្ហាយឺតយ៉ាវ។

សម្ព័នវ៉ាក់សាំង Gavi ដែលជាសហប្រធាន នៃកម្មវិធី COVAX បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំងបង្ការជំងឺកូវ ីដ-១៩ របស់ក្រុមហ៊ុន Moderna ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមផ្គត់ផ្គង់ជូន COVAX នៅក្នុងត្រីមាសចុងក្រោយ នៃឆ្នាំ២០២១នេះ ក្នុងចំនួន ៣៤លានដូសនៅមុនដំណាច់ឆ្នាំ។

ចំណែកឯ វ៉ាក់សាំងចំនួន ៤៦៦លានដូល្លាបន្ថែមទៀត នឹងអនុវត្តនៅឆ្នាំ ២០២២ ។

គួរបញ្ជាក់ថា កម្មវិធី COVAX គឺជាគំនិតផ្តួចផ្តើមជាសកល សំដៅលើការទទួលបានដោយស្មើភាពគ្នានូវវ៉ាក់សាំងកូវីដ១៩ ដែលដឹកនាំដោយសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការចាក់ថ្នាំបង្ការ (Gavi) អង្គការសុខភាពពិភពលោក (WHO) សម្ព័ន្ធសម្រាប់ការច្នៃប្រឌិតត្រៀមលក្ខណៈឆ្លើយតបជំងឺរាតត្បាត (CEPI) និងស្ថាប័នអន្តរជាតិជាច្រើនទៀតផងដែរ។

កម្មវិធីនេះមានគោលបំណងចែកចាយវ៉ាក់សាំងជូនបណ្តាប្រទេសក្រីក្រីចំនួន ៩២ប្រទេសនៅទូទាំងប្រទេស ដោយប្រទេសនិមួយៗបានយ៉ាងហោចណាស់ ២៧ភាគរយ នៃចំនួនប្រជាជនសរុបរបស់ពួកគេនៅចុងឆ្នាំនេះ៕