(រ៉ងហ្គូន)៖ កងទ័ពឯករាជ្យនៃក្រុមជនជាតិភាគតិចកាឈីន (KIA) នៅថ្ងៃចន្ទនេះបានអះអាងថា ខ្លួនបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង នៅក្នុងការបាញ់តបតទៅនឹង ការវាយប្រហារតាមផ្លូវអាកាស ពីសំណាក់យោធាមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១។

លោក ណរ ប៊ូ (Naw Bu) ជាប្រធានផ្នែកព័ត៌មាននៃកងទ័ពឯករាជ្យ Kachin បានថ្លែងបា្រប់ទីភ្នាក់ងារព័ត៌មាន Reuters តាមទូរស័ព្ទថា ឧទ្ធម្ភាគចក្រយោធាខាងលើ ត្រូវបានបាញ់ទម្លាក់នៅម៉ោង ១០៖២០នាទីព្រឹកមិញនេះ នៅឯភូមិមួយក្បែរទីក្រុង ម៉ូម៉ក (Moemauk) ក្នុងរដ្ឋ Kachin ភាគខាងជើងប្រទេស។ លោក Naw Bu បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ក្រុមប្រឹក្សាយោធា (យោធាមីយ៉ាន់ម៉ា) បានបើកការវាយប្រហារតាមផ្លូវអាកាសលើតំបន់ទាំងនោះ ចាប់តាំងពីម៉ោង៨ ឬម៉ោង៩ព្រឹកមិញនេះ... ដោយប្រើប្រាស់យន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រយោធា ដូច្នេះហើយយើងក៏បានបាញ់តបតវិញ»

គួរបញ្ជាក់ថា កងទ័ពឯករាជ្យ Kachin មិនបានបញ្ជាក់ថា តើពួកគេបានប្រើប្រាស់អាវុធប្រភេទអ្វី ដើម្បីបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់យោធាមីយ៉ាន់ម៉ាឡើយ ហើយក៏មិនបាន បញ្ជាក់ពីអ្នករបួស ឬស្លាប់នៅក្នុងការវាយប្រយុទ្ធគ្នានេះនោះដែរ។ ដោយឡែកខាងយោធាមីយ៉ាន់ម៉ាវិញ មិនទាន់បញ្ជាក់ព័ត៌មានអ្វី ពាក់ព័ន្ធនឹងការអះអាងរបស់កងទ័ព Kachin នោះឡើយ៕