(ញូដេលី)៖ គណបក្ស BJP របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌីបានទទួលបរាជ័យនៅក្នុងការបោះឆ្នោតដ៏សំខាន់មួយដើម្បីគ្រប់គ្រងរដ្ឋ West Bengal ខណៈរូបលោកផ្ទាល់រងការចោទប្រកាន់ថាគិតគូរតែពីរឿងបោះឆ្នោត ភ្លេចពីសុខទុក្ខប្រជាជនដែលកំពុងរងគ្រោះដោយសារការឆ្លងរាតត្បាត COVID-19។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១។

បើតាមលទ្ធផលបោះឆ្នោត លោកស្រី មុំាម៉ាតា បានែជី (Mamata Banerjee) មានអាយុ៦៦ឆ្នាំ នឹងនៅតែបន្តកាន់តំណែងជាប្រមុខរដ្ឋាភិបាលនៃរដ្ឋ West Bengal បន្ទាប់ពីគណបក្ស TMC របស់លោកស្រីបានយកឈ្នះគណបក្សរបស់លោក ម៉ូឌី ដោយទទួលបានអាសនៈសភាប្រចាំរដ្ឋមួយនេះ ២ភាគ៣ ឬស្មើនឹងច្រើនជាង២០០ អាសនៈនៃអាសនៈសភាសរុប២៩៤ នៃរដ្ឋ West Bengal។ បច្ចុប្បន្ន លោកស្រី Mamata Banerjee គឺជាស្ត្រីឥណ្ឌាតែម្នាក់ដែលកំពុងកាន់តំណែងជាប្រមុខរដ្ឋាភិបាល ប្រចាំរដ្ឋ។

គួរបញ្ជាក់ថា បរាជ័យរបស់គណបក្សកាន់អំណាចរបស់លោក ណារិនដ្រា ម៉ូឌី កើតមានឡើងចំពេលដែលនាយករដ្ឋមន្ត្រីឥណ្ឌារូបនេះរងការចោទប្រកាន់ថាគិតគូរតែ ពីការបោះឆ្នោតជាជាង COVID-19 ដោយនៅតែអនុញ្ញាតឱ្យមានការប្រមូលផ្ដុំទ្រង់ទ្រាយធំ ឬការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដែលទាំងនេះសុទ្ធតែជាហេតុផល រួមចំណែកធ្វើឱ្យស្ថានការណ៍ COVID-19 ឈានដល់ចំណុចដ៏អាក្រក់ដូចសព្វថ្ងៃ៕