(វ៉ាស៊ីនតោន)៖ អ្នកចរចាពាណិជ្ជកម្មជាន់ខ្ពស់របស់សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមកិច្ចចរចាជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីដោះស្រាយបញ្ហា កម្មសិទ្ធិបញ្ញាដែលកំពុងក្លាយជាឧបសគ្គរារាំងដល់ការចែកចាយវ៉ាក់សាំង COVID-19 នៅជុំវិញពិភពលោក។ នេះបើតាមសេតវិមានដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១។

បើតាមនាយសេនាធិការសេតវិមាន លោក Ron Klain តំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai នឹងដឹកនាំកិច្ចចរចាជាមួយ WTO ពិភាក្សាគ្នាថាតើត្រូវ ធ្វើដូចម្ដេចដើម្បីអាចលើកលែងប៉ាតង់ ឬកម្មសិទ្ធិបញ្ញាវ៉ាក់សាំងសំដៅបង្កើនការចែកវ៉ាក់សាំង។ លោក Ron Klain ក៏បានឱ្យដឹងដែរថាទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានបញ្ជាក់ថារដ្ឋបាលលោក ចូ បៃដិននឹងផ្ដល់ព័ត៌មានបន្ថែមជុំវិញបញ្ហានៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។

គួរបញ្ជាក់ថា សេតវិមានបច្ចុប្បន្នកំពុងទទួលរងសម្ពាធទាំងពីសមាជិកសភានៅក្នុងស្រុក និងរដ្ឋាបាលបរទេសដែលចង់ឱ្យសហរដ្ឋអាមេរិក ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងលើកលែងច្បាប់ប៉ាតង់ សំដៅអនុញ្ញាតឱ្យប្រទេសក្រីក្រីអាចចាប់ផ្ដើមផលិតវ៉ាក់សាំងដោយខ្លួនឯងដោយប្រើប្រាស់បច្ចេកវិទ្យា ឬរូបមន្តនៃវ៉ាក់សាំងរបស់ក្រុមហ៊ុនណាមួយ៕