(ញូដេលី)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោក Anthony Fauci បាននិយាយថាឥណ្ឌាអាចរៀនសូត្រពីវិធានការគ្រប់គ្រងជំងឺឆ្លងរបស់ចិនដើម្បី ប្រយុទ្ធប្រឆាំងជាមួយ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១។

លោក Anthony Fauci ធ្វើការកត់សម្គាល់ខាងលើ នៅពេលផ្ដល់យោលបល់លើការដោះស្រាយវិបត្តិ COVID-19 នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Indian Express កាលពីថ្ងៃសៅរ៍ម្សិលមិញ។ បើតាមលោក Fauci ការសាងសង់មន្ទីរពេទ្យសម្រាប់អ្នកជំងឺ COVID-19 នៅក្នុងទីក្រុងវូហាន ប្រទេសចិន កាលពីឆ្នាំ២០២០ ពោលគឺនៅពេលដែលជំងឺឆ្លងមួយនេះផ្ទុះឡើងខ្លាំង អាចជាមេរៀនមួយដែលគេគួរតែរៀនសូត្រតាម។ «អ្វីដែលចិនបានធ្វើនៅពេលដែល ពួកគេកំពុងជួបវិបត្តិ អាចរំលឹកប្រាប់អ្នកបានថាក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពួកគេបានសាងសង់បន្ទប់សង្រ្គោះបន្ទាន់ទាំងនោះឱ្យក្លាយទៅជាមន្ទីរពេទ្យ ជាច្រើន»។ នេះជាការគូសបញ្ជាក់របស់លោក Anthony Fauci ហើយលោកក៏បានលើកឡើងពីវិធានការបិទខ្ទប់ ឬ lockdowns ដែលអាជ្ញាធរចិន បានអនុវត្តផងដែរ។

គួរបញ្ជាក់ថា ឥណ្ឌានៅថ្ងៃអាទិត្យនេះនៅតែបន្តរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៩២,៤៨៨នាក់ទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ខណៈអ្នកជំងឺ ៣,៦៨៩នាក់ផងដែរបានបាត់បង់ជីវិត។ ក្រោយការបូកសរុបទិន្នន័យនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបកើនដល់ ១៩.៥៦លានករណី ក្នុងនោះមានអ្នកស្លាប់ ២១៥,៥៤២នាក់ និងជាសះស្បើយឡើងវិញ ១៥.៩៨លាននាក់៕