(រ៉ង់ហ្គូន)៖ សំឡេងផ្ទុះ និងការធ្វើបាតុកម្មមួយប្រាវ បានកើតមានឡើងពាសពេញទីក្រុងរ៉ង់ហ្គូន ដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុត នៅប្រទេសមីយ៉ាន់ម៉ា។ ព្រឹត្តិការណ៍ទាំងនេះបានកើតមានឡើង នៅក្នុងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នេះតែម្តង គឺចំពេលនៃការឈានចូលខែទី ៤ បន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។

សំឡេងផ្ទុះ (សង្ស័យជាគ្រាប់បែកច្នៃ) បានលាន់ឮឡើង ខណៈការតវ៉ាត្រូវបានធ្វើនៅតាមតំបន់ជាច្រើន ពាសពេញទីក្រុងរ៉ង់ហ្គូន ហើយក៏បានរំសាយទៅវិញភ្លាមៗផងដែរ ចាប់ពីព្រឹកមកទល់នឹងរសៀលថ្ងៃសៅរ៍ ដើម្បីបង្ការកុំមានការប្រឈមមុខដាក់គ្នា ជាមួយកងកម្លាំងសន្តិសុខ នៃរបបយោធាមីយ៉ាន់ម៉ា។

សាក្សីមួយចំនួននៅក្បែរកន្លែងកើតហេតុ បានប្រាប់អ្នកសារព័ត៌មានថា ពួកគេបានលឺសូរសំឡេងផ្ទុះ និងផ្សែងហុយឡើង ប៉ុន្តែពួកគេមិនដឹងថា ជាការផ្ទុះអ្វីឲ្យប្រាកដឡើយ ព្រោះពួកគេមិនហ៊ានទៅមើលជិត ដោយសារតែខ្លាចត្រូវកងកម្លាំងសន្តិសុខចាប់ខ្លួន។ សាក្សីខ្លះទៀតក៏បានប្រាប់ ទីភ្នាក់ងារព័ត៌មាន AFP ផងដែរថា ពួកគេបានឮសូរសំឡេងយ៉ាងខ្លាំង និងស្មានថាជាផ្គរលាន់។

មិនទាន់មានការបញ្ជាក់អំពីចំនួនមនុស្សរងគ្រោះ ដែលអាចកើតមានដោយសារការផ្ទុះខាងលើនេះឡើយ ហើយក៏មិនទាន់មាននរណាម្នាក់ ចេញមុខទទួលខុសត្រូវចំពោះករណីនេះដែរ។ យ៉ាងណាក៏ដោយ បើតាមប្រជាជននៅទីក្រុងរ៉ង់ហ្គូន នេះមិនមែនជាថ្ងៃទី១នោះទេ ដែលពួកគេបានឮសំឡេងផ្ទុះបែបនេះ៕