(ហាវ៉ៃ)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅថ្ងៃសុក្រសប្តាហ៍នេះបាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនានារបស់ខ្លួន គួរតែត្រៀមលក្ខណៈសម្រាប់ជម្លោះយោធាប្រភេទថ្មី ដែលមិនដូចពេលកន្លងៗមកឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១។

ក្នុងពិធីដោះដូរតំណែងមេបញ្ជាការ នៃបញ្ជាការដ្ឋានយោធាអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក នៅមូលដ្ឋានយោធា ភើល ហាប៊ឺរ ហ៊ីកខាំ (Peal Harbor-Hickam) នៃកោះហាវ៉ៃ លោក Lloyd Austin បានថ្លែងយ៉ាងដូច្នេះថា «របៀបដែលយើងនឹងធ្វើការប្រយុទ្ធ នៅក្នុងសង្រ្គាមទ្រង់ទ្រាយធំបន្ទាប់ នៅក្នុងពេលនាគត នឹងមានលក្ខណៈខុសគ្នាស្រឡះពីការប្រយុទ្ធគ្នា ដែលយើងធ្លាប់ឆ្លងកាត់កន្លងមក»

លោក Austin បានលើកហេតុផលថា ភាពជឿនលឿនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា គឺជាកត្តាជំរុញនៅពីក្រោយ ដោយវានឹងទាមទារឲ្យសហរដ្ឋអាមេរិកត្រូវមានការផ្លាស់ប្តូរ ដោយការបត់បែនខ្ពស់ ដើម្បីរក្សាអានុភាពនៅតាមដែនទាំង ០៥ ដែលសង្រ្គាមអាចផ្ទុះឡើង គឺរួមមានមិនត្រឹមតែផ្ទៃអាកាស ដីគោក និងសមុទ្រប៉ុណ្ណោះទេ គឺថែមទាំងទីអវកាស និងបណ្តាញព័ត៌មានវិទ្យាថែមទៀតផង។

គួរបញ្ជាក់ថា លោករដ្ឋមន្រ្តីការពារជាតិអាមេរិក មិនបានលើកឡើងឈ្មោះប្រទេសណាចំៗថា អាចជាគូសត្រូវដែលគួរឲ្យប្រុងប្រយ័ត្ននោះឡើយ ប៉ុន្តែមេបញ្ជាការនៃបញ្ជាការដ្ឋានយោធាអាមេរិក ប្រចាំឥណ្ឌូ-ប៉ាស៉ីហ្វិកដែលចប់តួនាទី គឺលោក ហ្វីលីព ដេវីដសុន (Philip Davidson) ហាក់បានចង្អុលទៅរកចិន ក្នុងការថ្លែងសុន្ទរកថារបស់ខ្លួន ដែលត្រូវបានរៀបចំឡើងដោយលោក Austin៕