(ញូដេលី)៖ នៅថ្ងៃសៅរ៍នេះ ឥណ្ឌាត្រូវពង្រីកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 ឲ្យដល់មនុស្សពេញវ័យទាំងអស់ ប៉ុន្តែរដ្ឋជាច្រើនបានអស់វ៉ាក់សាំងពីក្នុងស្តុកទៅហើយ ខណៈមន្ទីរពេទ្យនីមួយៗកំពុងតែរងសម្ពាធយ៉ាងខ្លាំង ក្រោមកំណើនដ៏មុតស្រួចបំផុតនៃករណីឆ្លងជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១។

មិនដល់០២ខែមុនឡើយ រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌា បានប្រកាសថា ឥណ្ឌាស្ថិតនៅដំណាក់កាលចុងក្រោយ នៃវិបត្តិ COVID-19 ស្របពេលដែលឥណ្ឌា បាននាំចេញវ៉ាក់សាំងរាប់លានដូស ទៅកាន់ប្រទេសដទៃទៀតជាច្រើន។ ក៏ប៉ុន្តែឥឡូវអ្វីៗបានផ្ទុយស្រឡះទាំងស្រុង ដោយប្រទេសដែលមានប្រជាជនច្រើនបំផុតទីពីរលើលោកមួយនេះ បានក្លាយជាកន្លែងឆ្លងរាលដាលយ៉ាងក្តៅគគុកបំផុត ជាងប្រទេសណាទាំងអស់។

ការនាំចេញវ៉ាក់សាំង AstraZeneca និង Covaxin ដែលផលិតនៅក្នុងប្រទេសឥណ្ឌា ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីផ្តល់អាទិភាពផ្គត់ផ្គង់ក្នុងស្រុក។ មកទល់ពេលនេះ មានតែបុគ្គលិកបម្រើការជួរមុខ អ្នកមានអាយុចាប់ពី៤៥ឆ្នាំឡើង និងអ្នកមានជំងឺប្រចាំកាយប៉ុណ្ណោះ ដែលត្រូវបានចាក់វ៉ាក់សាំង។ ទោះជាបែបនេះក៏ដោយ នៅតាមរដ្ឋជាច្រើនរបស់ឥណ្ឌា បានអស់វ៉ាក់សាំងពីក្នុងស្តុកទៅហើយ។

គួរបញ្ជាក់ថា បើតាមការគ្រោងទុក យុទ្ធនាការចាកវ៉ាក់សាំងរបស់ឥណ្ឌា ត្រូវពង្រីកបន្ថែមទៅដល់សម្រាប់ប្រជាជនឥណ្ឌាគ្រប់រូប ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ គឺស្មើនឹង៦០០លាននាក់ នៅថ្ងៃសៅរ៍នេះ។ គិតត្រឹមឥឡូវ វ៉ាក់សាំងប្រហែល១៥០លានដូស ត្រូវបានចាក់នៅក្នុងប្រទេសឥណ្ឌា ដែលស្មើនឹង១១.៥ភាគរយ នៃចំនួនប្រជាជនសរុបរបស់ឥណ្ឌា ១.៣ពាន់លាននាក់ ក្នុងនោះ ២៥លាននាក់ប៉ុណ្ណោះ ដែលចាក់បានគ្រប់០២ដូស៕