(ស្រីលង្កា)៖ ប្រទេសស្រីលង្កា បានប្រកាសនៅថ្ងៃសុក្រនេះថា សេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះ៣,៦ភាគរយ កាលពីឆ្នាំ២០២០ ដោយសារតែការរីករាលដាល នៃមេរោគ COVID-19, បានក្លាយជាការធ្លាក់ចុះនៃសេដ្ឋកិច្ចដ៏អាក្រក់បំផុត មិនធ្លាប់មានពីមុនមក ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩៤៨, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ។

នេះជាវិបត្តិសេដ្ឋកិច្ច ដែលមិនធ្លាប់មាន បើប្រៀបធៀបជាមួយកំណើនផលិតផលក្នុងស្រុកសរុប (GDP) ២,៣ភាគរយ នៅឆ្នាំ២០១៩, នេះបើតាមធនាគារជាតិស្រីលង្កា បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២០របស់ខ្លួន។

ខ្លួនរំពឹងថា សេដ្ឋកិច្ច នឹងងើបឡើងវិញ ក្នុងឆ្នាំ២០២១នេះ ហើយមានសុទិដ្ឋិនិយមថា នឹងមានកំណើន៦ភាគរយ ដោយមានការគាំទ្រពីផលិតកម្ម និងសេវាកម្មក្នុងស្រុក ដែលមានភាពប្រសើរឡើង។ របាយការណ៍បានឲ្យដឹងដែរថា បំណុលរបស់រដ្ឋាភិបាល បានកើនឡើងដល់១០១ភាគរយ នៃ GDP កាលពីឆ្នាំមុន, កើនឡើងពី៨៦,៨ភាគរយ នៃ GDP កាលពីឆ្នាំកន្លងទៅ។

កាលពី២សប្តាហ៍មុន, ស្រីលង្កា ទទួលបានកម្ចី៥០០លានដុល្លារពីចិន ដើម្បីបង្កើនទុនបំរុងប្តូររូបិយប័ណ្ណរបស់ខ្លួន នៅពេលរូបិយប័ណ្ណក្នុងស្រុក ស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ហើយបានធ្លាក់ចុះដល់កំរិតទាប។ ចម្លោះពីឆ្នាំ២០០៥ដល់ឆ្នាំ២០១៥, រដ្ឋាភិបាលទីក្រុង Colombo របស់ស្រីលង្កា បានខ្ចីប្រាក់រាប់ពាន់លានដុល្លារពីប្រទេសចិន សម្រាប់ចំណាយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្លៃៗ។

ស្រីលង្កា បានបង្ខំចិត្ត ប្រគល់កំពង់ផែយុទ្ធសាស្ត្រ Hambantota របស់ខ្លួន ក្នុងកិច្ចសន្យាជួលរយៈពេល៩៩ឆ្នាំ ឲ្យទៅក្រុមហ៊ុនមួយរបស់ចិន ក្នុងឆ្នាំ២០១៧ បន្ទាប់ពីខ្លួនមិនអាចសងបំណុល តម្លៃ១,៤ពាន់លានដុល្លារ ទៅឲ្យទីក្រុងប៉េកាំង ដើម្បីកសាងកំពង់ផែនេះឡើង៕