(ម៉ូស្គូ)៖ ស្ថានទូតអាមេរិកប្រចាំប្រទេសរុស្ស៊ី នៅថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១នេះបានប្រកាសកាត់បន្ថយនូវសេវាកម្មកុងស៊ុលរបស់ខ្លួនឲ្យនៅតិចបំផុត ដោយលើកឡើងថាមានការឹតបន្តឹងពីសំណាក់ទីក្រុងម៉ូស្គូ ចំពោះកម្លាំងការងារបេសកកម្មរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ។

ស្ថានទូតបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានទូតអាមេរិកប្រចាំប្រទេសរុស្ស៉ី នឹងកាត់បន្ថយការផ្តល់សេវាកម្មកុងស៊ុលផ្សេងៗ ដោយទុកនៅត្រឹមតែការផ្តល់សេវាកម្មលក្ខណៈបន្ទាន់ៗ សម្រាប់ពលរដ្ឋអាមេរិកផ្ទាល់ និងការផ្តល់ទិដ្ឋាការអន្តោប្រវេសន៍ ក្នុងចំនួនកំណត់តិចតួចបំផុត សម្រាប់ករណីបន្ទាន់ ចាប់ពីថ្ងៃទី១២ ខែឧសភាខាងមុខនេះតទៅ។ រីឯដំណើរការទិដ្ឋាការមិនមែនអន្តោប្រវេសន៍សម្រាប់ការធ្វើដំណើរមិនមែនការទូត នឹងត្រូវបញ្ឈប់។

ស្ថានទូតបានគូសបញ្ជាក់បន្ថែមថា ការកាត់បន្ថយសេវាកម្មទាំងនេះ គឺចាំបាច់ដោយសារតែរដ្ឋាភិបាលរុស្ស៊ីមានចេតនាហាមឃាត់បេសកកម្មរបស់អាមេរិកពីការជួលជនជាតិបរទេសក្នុងសមត្ថភាពណាមួយ។ លើសពីនេះទៀត ស្ថានទូត ក៏បានជំរុញជាបន្ទាន់ដល់ពលរដ្ឋអាមេរិកនៅប្រទេសរុស្ស៊ីដែលមានទិដ្ឋាការផុតកំណត់ឱ្យចាកចេញពីប្រទេសនេះនៅមុនថ្ងៃទី១៥ ខែមិថុនាខាងមុខនេះផងដែរ ដោយបាននិយាយថា «យើងមានការសោកស្តាយយ៉ាងខ្លាំងដែលសកម្មភាពរបស់រដ្ឋាភិបាលរុស្ស៊ីបានបង្ខំឱ្យយើងកាត់បន្ថយកម្លាំងការងារកុងស៊ុលរបស់យើងប្រហែលជា ៧៥ភាគរយ»។

គួរបញ្ជាក់ថា ក្រសួងការបរទេសរុស្ស៊ី បានបង្ហាញពីវិធានការសងសឹកមួយកាលពីថ្ងៃទី១៦ ខែមេសាកន្លងទៅនេះប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ រួមទាំងការហាមឃាត់ទាំងស្រុងលើបេសកកម្មការទូតអាមេរិកពីការជួលពលរដ្ឋនៃប្រទេសរុស្ស៊ី ឬប្រទេសទីបីទៅកាន់ប៉ុស្តិ៍រដ្ឋបាល ឬបច្ចេកទេស៕