(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវនារសៀលថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញ អ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨៥នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ៧៥៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៥០នាក់ និងគ្មានអ្នកស្លាប់សូម្បីតែម្នាក់ឡើយ។ នេះបើតាមចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។

អគ្គនាយកនៃអាជ្ញាធរប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ចំណុះឲ្យក្រសួងសុខាភិបាលឡាវ លោក រតនាសាយ ភិតសាវ៉ាន់ (Rattanaxay Phetsouvanh) បានប្រាប់ក្នុងសន្និសីទកាសែតមួយថា ក្នុងចំណោមអ្នកឆ្លងជំងឺ COVID-19 ថ្មីៗទាំង ៨៥នាក់ខាងលើនេះ មាន ៦៩នាក់ត្រូវបានរកឃើញ នៅក្នុងទីក្រុងវៀងច័ន្ទតែឯងប៉ុណ្ណោះ។

គួរបញ្ជាក់ថា ចំពោះមុខការកើនឡើងនូវ ចំនួនអ្នកឆ្លងនាពេលថ្មីៗនេះ ខេត្តទាំងអស់នៅក្នុងប្រទេសឡាវ បានដាក់ចេញនូវវិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់ការកើនឡើងកាន់តែខ្លាំង នូវចំនួនអ្នកឆ្លងជំងឺនេះ បើទោះបីជាខេត្ត អាតតាភើ (Attapeu), សាយសុមបួន (Xaysomboun) និង ហ័រផាន់ (Huaphan) មិនទាន់បានរាយការណ៍ អំពីការរកឃើញអ្នកឆ្លងនៅឡើយក៏ដោយ ហើយអាជ្ញាធរគ្រប់ខេត្តទាំងអស់ ត្រូវបានបង្គាប់ឱ្យបន្តល្បាតនៅតាមព្រំដែនរបស់ខ្លួន ដោយមិនឱ្យមានការលួចចូលមកកាន់ប្រទេសឡាវ ដោយខុសច្បាប់ឡើយ៕