(វ៉ាស៊ីនតោន)៖ ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិន សាល់ម៉ាន (Mohammed bin Salman) នៅក្នុងសប្ដាហ៍នេះបានបង្កភាពភ្ញាក់ផ្អើលមួយដោយមាន បន្ទូលថាទីក្រុងរីយ៉ាដចង់មានទំនាក់ទំនងល្អជាមួយអ៉ីរ៉ង់ដែលជាគូសត្រូវរាប់ជំនាន់មកនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អារ៉ាប៊ីសាអូឌីត Al Arabiya TV ព្រះអង្គម្ចាស់ប៊ិន សាល់ម៉ានបានអះអាងថាអារ៉ាប៊ីសាអូឌីតមិនចង់ស្ថិតនៅក្នុងស្ថានភាពទំនាក់ទំនងដ៏លំបាកជាមួយអ៉ីរ៉ង់ឡើយ ហើយចង់ស្ដារទំនាក់ទំនងល្អ និងជាវិជ្ជមាន ជាមួយអ៉ីរ៉ង់ឡើងវិញ។

«បច្ចុប្បន្ន យើងកំពុងធ្វើការជាមួយដៃគូរបស់យើងនៅក្នុងតំបន់ និងពិភពលោកដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ហាទាំងនេះ... អ៉ីរ៉ង់គឺជាអ្នកជិតខាង ដូច្នេះអ្វីដែល យើងចង់បាន នោះគឺមានទំនាក់ទំនងល្អជាមួយអ៉ីរ៉ង់»។ នេះជាការលើកឡើងរបស់ព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន ហើយឆ្លើយតបទៅនឹងការលើកឡើងនេះ អ៉ីរ៉ង់ក៏បានបង្ហាញ ការស្វាគមន៍ និងថែមទាំងសង្ឃឹមផងដែរថាប្រទេសទាំង២ អាចនឹងធ្វើការរួមគ្នាដើម្បីធានាសន្តិភាពនៅក្នុងតំបន់។

គួររំលឹកថា កាលពីឆ្នាំ២០១៦ អារ៉ាប៊ីសាអូឌីតបានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៉ីរ៉ង់ ក្រោយស្ថានទូតរបស់ខ្លួនប្រចាំរដ្ឋធានីតេហេរ៉ង់រងការវាយប្រហារពីសំណាក់ ក្រុមបាតុករ។ ការវាយប្រហារនៅពេលនោះកើតឡើងបន្ទាប់ពីអាជ្ញាធរអារ៉ាប៊ីសាអូឌីតកាត់ទោសប្រហារជីវិតមេនិយកាយស៊ីអ៉ីតម្នាក់ឈ្មោះ អាយ៉ាតុលឡោះ សៀស នីម អាល់ នីម (Ayatollah Sheikh Nimr al-Nimr) ពីបទភេរវកម្ម។ នៅខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក New York Times ព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ានបានហៅមេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតុលឡោះ អាលី ខាមេនី (Ayatollah Ali Khamenei) ជា «ហ៊ីត្លែរថ្មីប្រចាំតំបន់មជ្ឈិមបូព៌ា»។ អារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ត្រូវបានក្រុមអ្នកជំនាញចាត់ទុកថាជា «សត្រូវតជំនាន់» ទាំងខាងប្រជែងឥទ្ធិពលនយោបាយ និងនិកាយសាសនានៅក្នុងតំបន់មជ្ឈិមបូព៌ា។ ប៉ុន្តែតើមានមូលហេតុ អ្វីនៅពីក្រោយការកែប្រែចិត្ត ១៨០ឌឺក្រេរបស់ព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន?

*លួចលាក់ជួបគ្នាស្ងាត់ៗ?

ការអត្ថាធិប្បាយរបស់ព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន ហាក់ដូចជាចង់សំដៅទៅជំនួបជាសម្ងាត់មួយរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់កាលពីពេលថ្មីៗនេះ។ កាសែត Financial Times បានរាយការណ៍ថាក្រុមមន្ត្រីស៊ើបការសម្ងាត់ជាន់ខ្ពស់អារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់បានចូលរួមកិច្ចប្រជុំដោយផ្ទាល់ជាសម្ងាត់មួយរៀបចំឡើងនៅក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីដើមខែមេសាកន្លងទៅ ដើម្បីពិភាក្សាគ្នាពីការជួសជុលទំនាក់ទំនងរវាងប្រទេសពីរ រួមទាំងសង្រ្គាមនៅយ៉េមែន។ មកទល់នឹងពេលនេះ ទាំងអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតមិនទាន់ទទួលស្គាល់សេចក្ដីរាយការណ៍នេះទេ តែភាគីអ៉ីរ៉ង់ថាស្វាគមន៍កិច្ចសន្ទនាជាមួយទីក្រុងរីយ៉ាដ។

លោក ជូស ហ៊ីលធើម៉ាន (Joost Hiltermann) ជាអ្នកជំនាញផ្នែកកិច្ចការមជ្ឈិមបូព៌ាមកពីអង្គការ Crisis Group យល់ថាជំនួបជាសម្ងាត់ និងការលើកឡើងរបស់ព្រះម្ចាស់ ប៊ិន សាល់ម៉ាន គ្រាន់តែយុទ្ធសាស្ត្របន្ធូរបន្ថយភាពតានតឹងជាមួយអ៉ីរ៉ង់តែប៉ុណ្ណោះ។ លោក ហ៊ីលធើម៉ានបានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថាវាជាសញ្ញាវិជ្ជមានដែលអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតអាចជួបសន្ទនាគ្នាទៅវិញទៅមក។ ប៉ុន្តែ ខ្ញុំមិនគិតឡើយថាទាំងនេះគឺជាកិច្ចចរចា ដ្បិតទាំងអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតគ្រាន់តែផ្លាស់ប្ដូរការយល់ឃើញដើម្បី ស្វែងរកចំណុច ឬផលប្រយោជន៍រួមតែប៉ុណ្ណោះ»។ ថ្វីបើចង់ស្ដារទំនាក់ទំនងជាមួយអ៉ីរ៉ង់ ព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន នៅតែសង្កត់ធ្ងន់ដដែលថាទីក្រុងរីយ៉ាដនៅតែមាន បញ្ហាជាមួយអាកប្បកិរិយា «អវិជ្ជមានរបស់អ៉ីរ៉ង» ជាពិសេសពាក់ព័ន្ធនឹងកម្មវិធនុយក្លេអ៊ែរ, មីស៊ីល និងការគាំទ្រចលនាឧទ្ទាមខុសច្បាប់នៅក្នុងតំបន់។

*ជំហររបស់លោក ចូ បៃដិន កែប្រែចិត្តអារ៉ាប៊ីសាអឌីត?

បើតាមក្រុមអ្នកជំនាញ ការផ្លាស់ប្ដូររបបដឹកនាំនៅសហរដ្ឋអាមេរិកអាចជាមូលហេតុមួយនៅពីក្រោយគំនិតចង់ផ្សះផ្សាជាមួយអ៉ីរ៉ង់របស់អារ៉ាប៊ីសាអូឌីត។ នៅក្រោមការដឹកនាំ របស់លោក ដូណាល់ ត្រាំ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតមានភាពល្អូកល្អើននឹងគ្នាយ៉ាងខ្លាំង ដោយលោក ត្រាំជារឿយៗតែងតែចេញមុខការពារ អារ៉ាប៊ីសាអូឌីត ហើយព្រមានអ៉ីរ៉ង់កុំឱ្យប៉ះសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់។ តែទំនាក់ទំនងផ្អែមល្ហែមនេះប្រែជាល្វីងជូចត់បន្ទាប់ពី លោក ចូ បៃដិន ក្លាយជាប្រធានាធិបតីអាមេរិកថ្មី។

លោក ចូ បៃដិនបានសម្រេចកាត់ផ្ដាច់ជំនួយអាមេរិកដល់អារ៉ាប៊ីសាអូឌីតនៅក្នុងសង្រ្គាមយ៉េមែន, ចង់នាំអាមេរិកចូលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់វិញ ហើយថែមទាំង ដាក់សម្ពាធឱ្យទីក្រុងរីយ៉ាដបញ្ចប់សង្រ្គាមនៅយ៉េមែន និងប្រកាសដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានទៀតផង។ ការណ៍នេះធ្វើឱ្យអារ៉ាប៊ីសាអូឌីតចាប់សង្ស័យចំពោះ ការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការការពារសន្តិសុខរបស់ខ្លួន និងការចូលរួមរបស់អាមេរិកនៅក្នុងតំបន់ ហើយក៏កាន់តែយល់ដែរថាពេលនេះត្រូវពឹងលើសមត្ថភាពការទូតខ្លួនឯង ដើម្បីដោះស្រាយបញ្ហា។

លោក ទ្រីតា ប៉ាស៊ី (Trita Parsi) ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន Quincy Institute យល់ថាការដកដៃ ឬការកាត់បន្ថយការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុង តំបន់មជ្ឈិមបូព៌ា វានឹងជំរុញឱ្យបណ្ដាប្រទេសក្នុងតំបន់មានទាំងអារ៉ាប៊ីសាអូឌីតអាចនឹងចាប់ផ្ដើមពឹងផ្អែកលើសមត្ថភាពការទូតរបស់ខ្លួនដើម្បីដោះស្រាយបញ្ហា។ ជាក់ស្ដែង កាលពីឆ្នាំ២០១៩ ពោលគឺនៅពេលដែលលោក ដូណាល់ ត្រាំ បដិសេធបើកការវាយប្រហារដោយផ្ទាល់លើអ៉ីរ៉ង់ ជុំវិញការវាយប្រហារលើរោងចក្រប្រេងអារ៉ាប៊ីសាអូឌីត ពីសំណាក់ក្រុមឧទ្ទាមហ៊ូទីក្នុងប្រទេសយ៉េមែន ទីក្រុងរីយ៉ាដបានប្រើប្រាស់ការទូតដោះស្រាយជាមួយអ៉ីរ៉ង់ និងកាត់បន្ថយប្រតិបត្តិការយោធានៅយ៉េមែន។

អារ៉ាប៊ីសាអូឌីតខ្លួនឯងក៏ប្រហែលជាចាប់យល់ដែរថាការវាយប្រហារពីសំណាក់ក្រុមឧទ្ទាមហ៊ូទី ដែលមានអីរ៉ង់ជាខ្នងបង្អែកកំពុងស្ថិតនៅក្រៅការគ្រប់គ្រង បូករួមទាំង ការមិនអើពើពីរដ្ឋបាលលោក បៃដិន វាអាចនឹងបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិអារ៉ាប៊ីសាអូឌីតដែលត្រូវប្រឈមមុខនឹងអ៉ីរ៉ង់តែម្នាក់ឯង។ ដូច្នេះចង់ ឬមិនចង់ អារ៉ាប៊ីសាអូឌីតដឹងខ្លួនឯងថានៅទីបំផុតមានតែផ្លូវចរចាជាមួយអ៉ីរ៉ង់ទេ ទើបជាមធ្យោបាយល្អ ខណៈអ៉ីរ៉ង់ត្រូវបានគេជឿជាក់ថាជាតួអង្គសំខាន់មួយអាចបញ្ចុះបញ្ចូលឱ្យក្រុមឧទ្ទាមហ៊ូទី ងាកមករកតុវិញបាន។ ម្យ៉ាងវិញទៀត ដើម្បីបន្ធូរបន្ថយការខឹងសម្បារ និងលួងចិត្តសហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក បៃដិន អារ៉ាប៊ីសាអូឌីតមានតែប្រឹងបញ្ចប់សង្រ្គាម នៅយ៉េមែនតាមផ្លូវការទូតដូចដែលលោក បៃដិនចង់បាន៕

ប្រភព៖ Foreign Policy (ថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១)