(ហ្សាការតា)៖ អាជ្ញាធរផ្នែកចំណីអាហារ និងឱសថរបស់ប្រទេសឥណ្ឌូណេស៉ី (BPOM) នាថ្ងៃសុក្រនេះ បានប្រកាសអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន Sinopharm ហើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១។

ប្រធានផ្នែកចំណីអាហារ និងឱសថរបស់ប្រទេសឥណ្ឌូណេស៉ី លោកស្រី Penny Lukito បានធ្វើសេចក្តីប្រកាសដូចខាងលើ និងបាននិយាយថា ការអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នេះ គឺផ្អែកលើដំណាក់កាលទី៣ នៃការធ្វើតេស្តសាកល្បងនៅប្រទេសអារ៉ាប់រួម និងប្រទេសដទៃទៀត។

ប្រទេសឥណ្ឌូណេស៉ី នឹងប្រើវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន Sinopharm នេះ សម្រាប់គម្រោងចាក់វ៉ាក់សាំងមួយហៅថា «Gotong Royong» ដែលក្រុមហ៊ុន ឬអង្គភាពស្របច្បាប់ទាំងអស់ អាចរៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់បុគ្គលិករបស់ពួកគេដោយឥតគិតថ្លៃ ដើម្បីជួយប្រទេសនេះឱ្យទទួលបានភាពស៊ាំជាសហគមន៍ឆាប់រហ័ស។

គួរបញ្ជាក់ថា កន្លងទៅនេះ ប្រទេសឥណ្ឌូណេស៉ី បានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០៣ប្រភេទរួចមកហើយ គឺវ៉ាក់សាំងដែលមានឈ្មោះសម្គាល់ថា CoronaVac ដែលអភិវឌ្ឍដោយក្រុមហ៊ុនផលិតឱសថចិន Sinovac ព្រមទាំងវ៉ាក់សាំងដែលអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុនផលិតឱសថឥណ្ឌូណេស៉ី PT Bio Farma និងក្រុមហ៊ុនផលិតឱសថចិន Sinovac និងវ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca៕