(វ៉ាស៉ីនតោន)៖ សេតវិមានអាមេរិកបានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោន នាថ្ងៃទី២១ ខែឧសភា ខាងមុខ ដើម្បីបើកកិច្ចប្រជុំកំពូលជាមួយ លោក ចូ បៃដិន និងបង្ហាញពីសម្ព័ន្ធភាពយ៉ាងរឹងមាំរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១។

បើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន ក៏ទើបតែទទួលបានការចាក់វ៉ាក់សាំង COVID-19 ដូសទីពីរ នៅថ្ងៃសុក្រនេះផងដែរ ដើម្បីត្រៀមលក្ខណៈសម្រាប់ការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ កំលុងទស្សនកិច្ចនាខែក្រោយនេះ លោក មូន និង លោក បៃដិន ត្រូវគេរំពឹងថា នឹងអះអាងជាថ្មីនូវភាពរឹងមាំ នៃសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ក៏ដូចជាបង្ហាញនូវឆន្ទៈក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរនិងសន្តិភាពនៅឧបទ្វីបកូរ៉េ រួមទាំងបញ្ហាផ្សេងៗទៀតដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម បម្រែបម្រូលអាកាសធាតុ និង COVID-19 ជាដើម។

គួរបញ្ជាក់ថា លោក មូន ចេអ៉ីន នឹងក្លាយជាមេដឹកនាំបរទេសទីពីរ ដែលបានទៅជួបពិភាក្សាទល់មុខគ្នាផ្ទាល់ ជាមួយលោក បៃដិន គិតចាប់តាំងតែពីលោក បៃដិន បានឡើងកាន់អំណាចកាលពីខែមករា ដើមឆ្នាំនេះ។ មេដឹកនាំបរទេសដំបូងគេ ដែលបានជួបមុខលោក បៃដិន ផ្ទាល់ គឺនាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga ដែលបានទៅធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោន ក្នុងខែមេសានេះ៕