(សិង្ហបុរី)៖ បុគ្គលិកពីរនាក់បន្ថែមទៀតប្រចាំមន្ទីរពេទ្យ Tan Tock Seng Hospital (TTSH) និងអ្នកជំងឺ៦នាក់ ក្នុងអគារ Ward 9D ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 នាំឱ្យករណីអ្នកឆ្លងជាចង្កោមក្នុងមន្ទីរពេទ្យនេះកើនដល់៩នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១។

អ្នកទាំង៨នាក់ខាងលើដែលបានឆ្លង COVID-19 គឺមានជាប់ពាក់ព័ន្ធនឹងគិលានុបដ្ឋាយិកាម្នាក់ ដែលត្រូវបានតេស្ដវិជ្ជមានកាលពីថ្ងៃពុធសប្ដាហ៍នេះ។ បុគ្គលិក មន្ទីរពេទ្យ TTSH ទាំង២នាក់មានម្នាក់ជាវេជ្ជបណ្ឌិតមានអាយុ៣០ឆ្នាំ និងជំនួយការហាត់ការម្នាក់មានអាយុ១៨ឆ្នាំ។ ចំណែកឯ អ្នកជំងឺទាំង៦នាក់វិញដែលបាន ឆ្លង COVID-19 ជាពលរដ្ឋសិង្ហបុរីទាំងអស់ ហើយភាគច្រើនក្នុងចំណោមពួកគេជាមនុស្សវ័យចំណាស់ ដោយអ្នកចាស់ជាងគេមានអាយុ ៩៤ឆ្នាំ។

គួរបញ្ជាក់ថា នេះគឺជាករណីឆ្លង COVID-19 ជាចង្កោមនៅក្នុងមន្ទីរពេទ្យជាលើកដំបូងបំផុតក្នុងប្រទេសសិង្ហបុរី ហើយអគារ Ward 9D និង Ward 7D នៃមន្ទីរពេទ្យ TTSH ត្រូវបានបិទខ្ទប់ ឬ Lockdown ជាបណ្ដោះអាសន្ន។ បើតាមគេហទំព័រ worldometer សិង្ហបុរីបច្ចុប្បន្នមានអ្នកឆ្លង COVID-19 ចំនួន ៦១,១២១នាក់ ក្នុងនោះស្លាប់៣០នាក់ និង៦០,៧១៨នាក់ជាសះស្បើយឡើងវិញ៕