(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍ជាលើកដំបូងក្នុងរយៈពេល ៣៥ថ្ងៃចុងក្រោយនេះ ខណៈដែលអាជ្ញាធរបានបញ្ជាឱ្យមានការឃ្លាំមើលយ៉ាងតឹងរឹងជាងមុន ដើម្បីទប់ស្កាត់ការផ្ទុះឆ្លងថ្មីនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា សមាជិក ៤នាក់ នៃគ្រួសារមួយដែលរស់នៅភាគខាងជើងខេត្ត Ha Nam និងមនុស្សម្នាក់នៅភាគខាងត្បូង នៃទីក្រុងហូជីមិញបានឆ្លងមេរោគនេះ ដោយពួកគេទាំងអស់មានការបះពាល់ជាមួយបុគ្គលម្នាក់ ដែលបានវិលត្រឡប់មកពីប្រទេសជប៉ុន ហើយបានធ្វើតេស្តវិជ្ជមាន ទោះបីជាត្រូវបានគេធ្វើចត្តាឡីស័កក៏ដោយ។

អាជ្ញាធរបានបញ្ជាឱ្យអភិបាលខេត្ត ព្រមទាំងទីភ្នាក់ងាររដ្ឋាភិបាល បង្កើនវិធានការត្រួតពិនិត្យ និងតាមដានរកប្រភពឆ្លងឲ្យបានតឹងរុឹង បន្ទាប់ពីមានការរកឃើញករណីឆ្លងក្នុងសហគមន៍មួយនេះ។

គួរបញ្ជាក់ថា ជាមួយនឹងវិធានការដាច់ខាត និងការតាមដានយ៉ាងតឹងរ៉ឹងរបស់ខ្លួន ប្រទេសវៀតណាមបានទទួលជោគជ័យ ក្នុងការគ្រប់គ្រងការឆ្លងក្នុងសហគមន៍ចំនួន ៣លើកមកហើយ។ ឥឡូវនេះកំពុងបង្កើនវិធានការណ៍ ដើម្បីទប់ស្កាត់ការឆ្លងក្នុងសហគមន៍ជាលើកទី៤ ខណៈដែលបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់មើលឃើញកើនឡើងករណីឆ្លងយ៉ាងខ្លាំង។

វៀតណាមដែលមានប្រជាជនជិត ៩៨លាននាក់ បានរាយការណ៍ថាមានករណីឆ្លងសរុប ២,៩១០ករណី ក្នុងនោះស្លាប់ចំនួន ៣៥នាក់៕