(ប៉េកាំង)៖ សប្តាហ៍នេះចិនបានក្លាយជាប្រទេស ដែលចាក់វ៉ាក់សាំង COVID-19 បានច្រើនដូសបំផុតនៅលើពិភពលោក ប៉ុន្តែបើធៀបនឹងចំនួនប្រជាជន សរុបដ៏ច្រើនលើសលុបរបស់ខ្លួនវិញនោះ ចិនចាំបាច់ត្រូវបង្កើនល្បឿនថែមទៀត បើចង់សម្រេចបានគោលដៅនៃការចាក់វ៉ាក់សាំងឲ្យបាន ៤០ភាគរយនៃចំនួនប្រជាជនសរុប នៅមុនដំណាច់ខែមិថុនាខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។

គិតត្រឹមថ្ងៃពុធ ទី២៨ ខែមេសា ចិនបានចាក់វ៉ាក់សាំងសរុប ២៤៣.៩១លានដូស ច្រើនជាងចំនួន ២៣៤.៦លានដូស នៃការចាក់វ៉ាក់សាំងរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែជាមួយចំនួនប្រជាជនសរុបច្រើនជាងគេលើផែនដី គឺដល់ទៅជាង ១.៤ពាន់លាននាក់ គិតជាភាគរយវិញចិនចាក់បានតែ ១៧.៤ដូស ក្នុងចំណោមមនុស្ស ១០០នាក់ប៉ុណ្ណោះ ដែលយឺតខ្លាំងជាងចំនួន ៧១.១ដូសក្នុងចំណោមមនុស្ស ១០០នាក់ នៅសហរដ្ឋអាមេរិក ដែលមានចំនួនប្រជាជនសរុបជាង ៣៣២លាននាក់ ពោលមិនដល់ ១ភាគ៤ នៃចំនួនប្រជាជនសរុបរបស់ចិនផង។

គួរបញ្ជាក់ថា នៅក្នុងខែមេសានេះ សន្ទុះនៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេសចិន បានកើនដល់ប្រហែល ៤.៤លានដូស ក្នុងមួយថ្ងៃគិតជាមធ្យម ប៉ុន្តែសន្ទុះនេះចាំបាច់ត្រូវតែបង្កើនល្បឿនថែមទៀត គឺធ្វើយ៉ាងណាឲ្យដល់យ៉ាងហោច ៥០លានដូសក្នុងមួយថ្ងៃ ប្រសិនបើចង់សម្រេចគោលដៅ នៃការចាក់វ៉ាក់សាំងឲ្យប្រជាជនបាន ៤០ភាគរយ នៅមុនដំណាច់ខែមិថុនា។

មកទល់ឥឡូវ ចិនបានអនុម័តឲ្យប្រើវ៉ាក់សាំង COVID-19 ចំនួន ០៥ ដែលសុទ្ធសឹងតែជាផលិតផលនៅក្នុងស្រុកផ្ទាល់។ កាលពីពេលថ្មីៗនេះ ចិនក៏បានសម្រួលឲ្យមាន ការនាំចូលវ៉ាក់សាំងពីបរទេសជាលើកដំបូងផងដែរ ក្នុងពេលឆាប់ៗខាងមុខ ដែលអាចជាវ៉ាក់សាំងបង្ការ COVID-19 របស់អាល្លឺម៉ង់ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនចិននៅសៀងហៃ៕