(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងបញ្ជូនជំនួយ គិតជាទឹកប្រាក់ច្រើនជាង ១០០លានដុល្លារដល់ប្រទេសឥណ្ឌា ដើម្បីជួយប្រយុទ្ធជាមួយ COVID-19 ដែលកំពុងលុកលុយប្រទេសអាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ សេតវិមានបានឱ្យដឹងថា ជំនួយរបស់សហរដ្ឋអាមេរិកនឹងត្រូវទៅដល់ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះ ហើយនឹងបន្តមកដល់ជាបន្តបន្ទាប់នៅសប្ដាហ៍ក្រោយ។ ជំនួយទំាងនេះក្នុងនោះរួមមានអុកស៊ីសែន ១,០០០បំពង់, ម៉ាស N95 ចំនួន ១៥លានម៉ាស និងឧបករណ៍ធ្វើតេស្ដរហ័សមួយលានគ្រឿង។ មិនតែប៉ុណ្ណោះ បើតាមសេចក្ដីថ្លែងការណ៍ដដែល សហរដ្ឋអាមេរិកក៏បានយល់ព្រម បញ្ជូនវ៉ាក់សាំង AstraZeneca ដែលខ្លួនស្ដុកទុកឱ្យឥណ្ឌាផងដែរ ដោយឥណ្ឌាអាចនឹងទទួលបានជាង ២០លានដូស។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសឥណ្ឌាបានកើនលើស ២សែននាក់ហើយ ក្នុងចំណោមអ្នកឆ្លងកើនដល់ ១៨លាននាក់ ខណៈអ្នកឆ្លងប្រចាំថ្ងៃត្រូវបានគេរាយការណ៍ជាមធ្យមលើស ៣សែននាក់នារយៈពេលជាងមួយសប្តាហ៍មកនេះ៕