(រ៉ង់ហ្គូន)៖ មន្ត្រីថៃម្នាក់បាននិយាយនៅថ្ងៃពុធនេះថា យោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមអាកាសសម្រាប់ថ្ងៃទីពីរជាប់ៗគ្នា ទៅលើទឹកដីដែលកាន់កាប់ដោយក្រុមឧទ្ទាម ខណៈការវាយប្រយុទ្ធគ្នាមានសភាពកាន់តែខ្លាំងក្លានៅតាមព្រំដែនប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។

ចលនាប្រឆាំងរបបយោធា បានទទួលការគាំទ្រពីក្រុមឧទ្ទាមជនជាតិភាគតិចមួយចំនួន ដែលគ្រប់គ្រងទឹកដីនៅតាមតំបន់ព្រំដែនមីយ៉ាន់ម៉ា។ សម្ព័នជាតិការ៉ែន (KNU) ដែលជាក្រុមជនជាតិភាគតិចមួយដ៏លេចធ្លោជាងគេ ក៏ស្ថិតក្នុងចំណោមក្រុមអ្នកប្រឆាំងខ្លាំងបំផុតរបស់របបយោធាផងដែរ ដោយបានថ្កោលទោសចំពោះការប្រើប្រាសើអំពើហិង្សាទៅលើក្រុមបាតុករទៀតផង។

ការប៉ះទង្គិចគ្នាជាមួយក្រុមយោធា នៅក្នុងទឹកដីរបស់ KNU នៅតាមបណ្តោយព្រំដែនភាគខាងកើតប្រទេសជាប់ប្រទេសថៃ បានកើនឡើងចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈមកម៉្លេះ ដោយយោធាបានធ្វើការវាយលុកតាមអាកាសកាលពីខែមុន ដែលជាករណីដំបូងនៅក្នុងរដ្ឋការ៉ែនក្នុងរយៈពេលជាង ២០ ឆ្នាំមកនេះ។

កងពលតូចទី៥ របស់សម្ព័នជាតិការ៉ែន (KNU) កាលពីថ្ងៃអង្គារសប្តាហ៍នេះបានបើកការវាយប្រហារ និងវាយឆ្មក់លើមូលដ្ឋានកងទ័ពមួយនៅតាមបណ្តោយទន្លេ Salween ដែលកំណត់ព្រំដែនរវាងថៃ និងភូមា ហើយយោធាក៏បានសងសឹកវិញ ដោយបានបើកការវាយប្រហារតាមអាកាស។

នៅថ្ងៃពុធនេះ ការផ្ទុះអាវុធក៏ត្រូវបានលឺម្តងទៀត នៅវេលាម៉ោងប្រហែល ៩ព្រឹកក្បែរមូលដ្ឋានយោធា Dar Gwen ដែលស្ថិតនៅភាគខាងជើង នៃការប៉ះទង្គិចកាលពីថ្ងៃអង្គារម្សិលមិញ៕