(ប៊ែរឡាំង)៖ សហស្ថាបនិកនៃក្រុមហ៊ុនផលិតវ៉ាក់សាំងអាល្លឺម៉ង់ BioNTech លោក អ៊ូហ្គ័រ សាហ៊ីន (Ugur Sahin) បានបង្ហាញទំនុកចិត្តថា វ៉ាក់សាំងរបស់ក្រុមហ៊ុនលោក ដែលបានចូលរួមសហការផលិតជាមួយ ក្រុមហ៊ុនអាមេរិក Pfizer ពិតជាអាចទប់ទល់នឹងវីរុស COVID-19 បំប្លែងថ្មី ដែលកំពុងវាយលុកប្រទេសឥណ្ឌានោះបាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាល្ងាចថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។

លោក Ugur Sahin បានគូសបញ្ជាក់ថា «យើងនៅតែកំពុងធ្វើពិសោធន៍ ទៅលើវីរុសបំប្លែងថ្មីនៅឥណ្ឌានៅឡើយ ប៉ុន្តែវីរុសបំប្លែងថ្មីនៅឥណ្ឌានោះ គឺមានការវិវឌ្ឍដូចទៅនឹងអ្វី ដែលយើងបានពិសោធន៍កន្លងមករួចទៅហើយ ដោយលក្ខណៈនៃវីរុសបែបនេះ គឺវ៉ាក់សាំងរបស់យើងអាចប្រឆាំងវាបាន... ដូច្នេះខ្ញុំមានទំនុកចិត្ត...»

គួរបញ្ជាក់ថា បញ្ហាវីរុស COVID-19 បំប្លែងថ្មីនៅឥណ្ឌា B1617 ត្រូវបានគេជឿជាក់ថា ជាកត្តាធំមួយដែលបង្កឲ្យការឆ្លងរាតត្បាត COVID-19 នៅក្នុងប្រទេសឥណ្ឌាកើនឡើងយ៉ាងគំហុកវិញ និងកាន់តែអាក្រក់ខ្លាំងបំផុត នៅក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយនេះ ដោយសារតែករណីឆ្លងបានលោតដល់លើស ៣០០,០០០នាក់ក្នុងមួយថ្ងៃ និងអ្នកជំងឺរាប់ពាន់នាក់បាត់បង់ជីវិត៕