(ប៉េកាំង)៖ បើនិយាយអំពីនំបញ្ចុករសជាតិខ្ចៅ ប្រហែលមិត្តខ្មែរជាច្រើនក៏ស្គាល់ដែរ។ វាគឺជាអាហារពិសេសរបស់ក្រុង លាវចូវ ភូមិភាគស្វយ័តក្វាំងស៊ីប្រទេសចិន។ នៅប្រទេសកម្ពុជា ក៏មានអ្នកក្វាំងស៊ីជាច្រើននាក់ទៅធ្វើការដែរ។ ដោយសារនឹកអាហារស្រុកកំណើត ហើយប្រទេសកម្ពុជាក៏មានខ្ចៅជាច្រើន ដូច្នេះពួកគេបាននាំយកនំបញ្ចុករសជាតិ ខ្ចៅមកប្រទេសកម្ពុជា។

ថ្ងៃទី២៦ ខែមេសា លោក ស៊ី ជីនភីង មេដឹកនាំកំពូលរបស់ប្រទេសចិន ដែលកំពុងចុះត្រួតពិនិត្យការងារនៅភូមិភាគស្វយ័ត ក្វាំងស៊ី បាន ទៅដល់តំបន់ឧស្សាហកម្មផលិតនំបញ្ចុករសជាតិខ្ចៅ ដើម្បីស្វែងយល់អំពីសភាពការណ៍អភិវឌ្ឍន៍នៃមុខរបរ ដែលមានលក្ខណៈពិសេសនេះ។ ហេតុអ្វីនំបញ្ចុកមួយចានអាចទាក់ទាញចំណាប់អារម្មណ៍ របស់លោកស៊ី ជីនភីង មេដឹកនាំកំពូលនៃប្រទេសចិន?

ឆ្នាំ២០២០ ក្នុងបរិបទដែលជំងឺកូវីដ១៩ បាននិងកំពុងរាលដាលនៅលើទូទាំងសកលលោក តែបរិមាណលក់នំបញ្ចុករសជាតិ ខ្ចៅបានកើនឡើងយ៉ាងឆាប់រហ័ស។ នៅខែកុម្ភៈ ឆ្នាំ២០២០ បណ្តាញទំនាក់ទំនងសង្គម Weibo របស់ចិន បានដាក់ចេញនូវប្រធានបទស្តីពី «ហេតុអ្វីនំបញ្ចុករសជាតិខ្ចៅ នៅតែមិនទាន់ដឹកជញ្ជូនមក?» បានក្លាយជាចំណុចក្តៅ ជាមួយចំនួនអ្នកទស្សនាប្រធានបទនេះ ដល់ទៅ៣៦០លាននាក់។

យោងតាមស្ថិតិបានឱ្យដឹងថា ឆ្នាំ២០២០ ទំហំលក់នំបញ្ចុករសជាតិខ្ចៅ នៃក្រុងលាវចូវ មានដល់ទៅ១១,០០០លានយាន់ប្រាក់ចិន នំបញ្ចុករសជាតិខ្ចៅ ដែលវេចខ្ចប់បានលក់ដាច់១១,០០០លាន កញ្ចប់តាមអនឡាញ ហើយបានផ្តល់ឱកាសការងារចំនួនជាង ៣០ម៉ឺននាក់។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងលាវចូវបានប្រកាន់ខ្ជាប់នូវទស្សនៈឧស្សាហូបនីយកម្ម ដើម្បីអភិវឌ្ឍឧស្សាហកម្មនំបញ្ចុករសជាតិខ្ចៅ នេះ។ ជាមួយនឹងការធ្វើឱ្យប្រសើរឡើងបន្តបន្ទាប់ នៃបច្ចេកវិទ្យាផលិតកម្មនំបញ្ចុក សម្លាប់បាក់តេរីដោយវិធីសាស្រ្តរូបវិទ្យា ការវេចខ្ចប់ដោយម៉ាស៊ីន និងបច្ចេកទេសផ្សេងទៀត ប្រសិទ្ធភាពនៃការផលិតនំបញ្ចុករសជាតិខ្ចៅជាកញ្ចប់ ត្រូវបានលើកកម្ពស់យ៉ាងខ្លាំង។

ឆ្នាំ២០១៤ ក្រុមហ៊ុនផលិតនំបញ្ចុករសជាតិខ្ចៅវេចជាកញ្ចប់ដំបូងគេ បានត្រូវបង្កើតឡើង។ តាមការច្នៃប្រឌិតថ្មីជាបន្តបន្ទាប់ ក្រុមហ៊ុនខ្លះបានបង្កើតនំបញ្ចុករសជាតិខ្ចៅ ដែលអាចរក្សាទុកបានយូរ និងងាយស្រួលដឹកជញ្ជូន បានធ្វើឱ្យនំបញ្ចុករសជាតិខ្ចៅក្លាយជាអាហារ ពេញនិយមនៅទូទាំងប្រទេសចិន។

ចរាចរណ៍ទំនិញងាយស្រួលរបស់ប្រទេសចិន បានបង្កើតសេដ្ឋកិច្ចអនឡាញរបស់ប្រទេសចិន។ ក្រោមឥទិ្ធពលនៃជំងឺកូវីដ១៩ ប្រជាជននៅក្នុងផ្ទះមើលការផ្សាយផ្ទាល់ អំពីការលក់ទំនិញតាមអនឡាញ បានជំរុញបន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ចបែបនេះ។
នំបញ្ចុករសជាតិខ្ចៅ បានផ្តល់កំណើតឱ្យសួនឧស្សាហកម្មមួយ។

នាពេលច្ចុប្បន្ននេះ មានសហគ្រាសផលិតនំបញ្ចុករសជាតិខ្ចៅចំនួន៣៤ និងសហគ្រាសពាក់ព័ន្ធបានបង្កើតឡើង នៅសួនឧស្សាហកម្មនេះ ដែលមានបុគ្គលិកជិត៣,០០០នាក់ និងផលិតបាននំបញ្ចុករសជាតិខ្ចៅបានប្រមាណ ១.៥លានកញ្ចប់ក្នុងមួយថ្ងៃ។

បច្ចុប្បន្ននេះដោយសារលក្ខណៈ «ជូរ ស្រស់ ហឹរ» នំបញ្ចុករសជាតិខ្ចៅកំពុងពេញនិយមនៅទូទាំងប្រទេសចិន ហើយក៏ត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ជាង២០ទៀតផង ដែលបានក្លាយជានាមប័ណ្ណក្រុងលាវចូវ និងជាតំណាងនៃការនាំចេញទៅបរទេស នៃវប្បធម៌ម្ហូបអាហារចិនផងដែរ។

ពី «ផ្សិតតូចតែឧស្សាហកម្មធំ» និង «ផ្កា Day Lily តូចតែឧស្សាហកម្មធំ» ដែលត្រូវទទួលបានកោតសរសើរពីលោកស៊ី ជីនភីង ក្នុងដំណើរអញ្ជើញចុះត្រួតពិនិត្យការងារ កាលពីឆ្នាំ២០២០ រហូតដល់ឧស្សាហកម្មអាហារពិសេសខេត្ត Fujian និង ឧស្សាហកម្មនំបញ្ចុករសជាតិខ្ចៅ លោកស៊ី ជីនភីង តែងតែយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍឧស្សាហកម្មលក្ខណៈពិសេស។

នៅក្នុង «ផែនការ៥ឆ្នាំទី១៤» របស់ប្រទេសចិន ក៏បានលើកឡើងជាច្រើនសាអំពីការអភិវឌ្ឍឧស្សាហកម្មលក្ខណៈពិសេស ដោយអនុវត្តវិធានការ ដែលសមស្របនឹងលក្ខខណ្ឌក្នុងតំបន់ផងដែរ។ កាលពីប៉ុន្មានថ្ងៃមុនរដ្ឋបាលជាតិស្ថិតិចិន បានចេញផ្សាយទិន្នន័យថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន នៅក្នុងត្រីមាសទី១ឆ្នាំនេះបានកើនឡើង ១៨.៣ ភាគរយ បើធៀបនឹងរយៈពេលក្រាលពីឆ្នាំមុន។

ក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះ សមិទ្ធផលនេះគឺបានដោយមិនងាយស្រួលទេ។ ឧស្សាហកម្មលក្ខណៈពិសេស ដែលលោកអគ្គលេខាធិការបក្ស ស៊ី ជីនភីង យកចិត្តទុកដាក់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតទីផ្សារចិនដ៏ធំ និងបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី។ លក្ខណៈពិសេសនៃបរិស្ថានក្នុងតំបន់ តែងតែផ្តល់នូវលក្ខណៈពិសេសដល់អ្នករស់នៅទីនោះ។ ឧស្សាហកម្មលក្ខណៈពិសេស ដែលបានរីកចម្រើនយ៉ាងខ្លាំង បាននិងកំពុងជំរុញសេដ្ឋកិច្ចចិនឱ្យរីកចម្រើនថែមទៀត៕