(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិននឹងបញ្ចប់ការងារ១០០ថ្ងៃដំបូងនៅថ្ងៃសុក្រ ទី៣០ ខែមេសានេះ។ ការវាយតម្លៃលើការបំពេញងារ១០០ថ្ងៃដំបូង នៃការកាន់អំណាចរបស់ប្រធានាធិបតី គឺជាប្រពៃណីនយោបាយរបស់សហរដ្ឋអាមេរិកដែលក្រុមអ្នកប្រវត្តិសាស្ត្របាននិយាយថាប្រពៃណីនេះបានចាប់ផ្ដើមនៅអាណត្តិ ដំបូងនៃអតីតប្រធានាធិបតីអាមេរិក លោក ហ្វ្រែនគ្លីន រូស្វែល (Franklin Roosevelt) ក្នុងឆ្នាំ១៩៣៣ ជាពេលដែលលោកបានដាក់ចេញវិធានការយ៉ាងលឿនរហ័ស ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច (Great Depression) នៅពេលនោះ។

ខាងក្រោមនេះគឺជាគោលនយោបាយដែលលោក បៃដិន បានដាក់ចេញ និងដោះស្រាយក្នុងរយៈពេល១០០ថ្ងៃដំបូងនៃការកាន់តំណែងជាប្រធានាធិបតីអាមេរិក៖

*ការដោះស្រាយវិបត្តិ COVID-19

ការសន្យាដ៏ធំរបស់លោក ចូ បៃដិនក្នុងការដោះស្រាយវិបត្តិ COVID-19 គឺចាក់វ៉ាក់សាំងជូនប្រជាជនអាមេរិកឱ្យបាន ១០០លានដូសក្នុងរយៈពេល១០០ថ្ងៃដំបូងនៃ ការកាន់តំណែងជាប្រធានាធិបតីអាមេរិក។ គិតត្រឹមថ្ងៃពុធនេះ វ៉ាក់សាំង COVID-19 ចំនួន ២៩០លានដូសត្រូវបានចែកចាយនៅទូទាំងសហរដ្ឋអាមេរិក ក្នុងនោះមាន ច្រើនជាង ២៣០លានដូសត្រូវបានប្រើប្រាស់ រីឯប្រជាជនអាមេរិក ៩៦លាននាក់ ឬស្មើនឹង២៩ភាគរយនៃប្រជាជនសរុបបានចាក់វ៉ាក់សាំងពេញលេញ ឬ ២ដូស។

សហរដ្ឋអាមេរិកបច្ចុប្បន្ន ជាប្រទេសដែលមានប្រជាជនបានទទួលការចាក់វ៉ាក់សាំងច្រើនជាងប្រទេសដទៃ បើទោះជា COVID-19 ផ្ដាច់ជីវិតប្រជាជនអាមេរិកជាង ៥៧២,០០០នាក់ ដែលជាតួលេខអ្នកស្លាប់ច្រើនជាងប្រទេសណាៗទាំងអស់ក៏ដោយ។ មនុស្សច្រើនជាង ៣,០០០នាក់បានស្លាប់ក្នុងរយៈពេលមួយថ្ងៃ នៅពេលលោក បៃដិន ចូលកាន់តំណែង។ តែបច្ចុប្បន្ន តួលេខអ្នកស្លាប់ប្រចាំថ្ងៃជាមធ្យមមានត្រឹមក្រោម ៧០០ ហើយតួលេខអ្នកឆ្លងក៏បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។

*ការងារ និងសេដ្ឋកិច្ច

កញ្ចប់ថវិកា ១.៩ទ្រីលានដុល្លារដើម្បីសង្រ្គោះសេដ្ឋកិច្ចពី COVID-19 របស់លោក ចូ បៃដិនត្រូវបានសភាអាមេរិកទាំង២អនុម័តដែលនេះជាកញ្ចប់ថវិកាដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ ដោយមានកញ្ចប់ថវិកានេះសម្រាប់ប្រជាជនអាមេរិក, សហគ្រាសនានា បូករួមទាំងយុទ្ធការចាក់វ៉ាក់សាំងប្រកបដោយស្ថិរភាព សេដ្ឋកិច្ច អាមេរិកត្រូវបានគេរំពឹងថានឹងមានកំណើន ៧ភាគរយក្នុងឆ្នាំ២០២១នេះ ជាកំណើនលឿនបំផុតចាប់តាំងពីឆ្នាំ១៩៨៤មក និងបន្ទាប់ពីសេដ្ឋកិច្ចអាមេរិកបាត់បង់ កំណើន ៣.៥ភាគរយកាលពីឆ្នាំ២០២០ ដែលជាការថយចុះដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៧៤ឆ្នាំមកនេះ។

គិតត្រឹមខែមីនាកន្លងទៅ ការងារជិត ១លានកន្លែងត្រូវបានបំពេញ បើធៀបទៅនឹងកាលពីខែកុម្ភៈមានការងារ ៣៧៩,០០០កន្លែងត្រូវបានបំពេញ។ ភាពល្អប្រសើរនេះ ត្រូវបានរំពឹងថាអាចនឹងបន្តទៅមុខ ខណៈសេដ្ឋកិច្ចកំពុងបើកដំណើរការជាធម្មតា ហើយប្រជាជនក៏ចាប់ផ្ដើមវិលទៅរកការរស់នៅជាប្រក្រតីជាបណ្ដើរៗ។

*គោលនយោបាយការបរទេស

លោក ចូ បៃដិន នៅតែបន្តអនុវត្តគោលនយោបាយការបរទេសមួយចំនួន ដែលបន្សល់ទុកពីរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ លោក បៃដិន បានដាក់ទណ្ឌកម្មលើរុស្ស៊ី ដោយចោទថាទីក្រុងម៉ូស្គូបានលូកលាន់ចូលកិច្ចការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ និងការវាយប្រហារព័ត៌មានវិទ្យា ហើយលោក ថែមទាំងបានហៅប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនថាជា «ឃាតក» ទៀតផង។ លោក បៃដិននៅតែបន្តអនុវត្តវិធានការដាក់ទណ្ឌកម្មសល់ពីលោក ដូណាល់ ត្រំាំ លើអ៉ីរ៉ង់ដដែល ព្រមទាំងបដិសេធការដកទណ្ឌកម្មជាលក្ខខណ្ឌដើម្បីបង្ខំឱ្យទីក្រុងតេហេរ៉ង់ត្រលប់មករកតុចរចានុយក្លេអ៊ែរដោយផ្ទាល់ជាថ្មី។

មិនតែប៉ុណ្ណោះ លោក បៃដិនក៏នៅតែរក្សាទុកការគោលនយោបាយដំឡើងពន្ធរបស់លោក ត្រាំ ប្រឆាំងចិនផងដែរ, អនុញ្ញាតឱ្យមន្ត្រីទូតអាមេរិកបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់, ដាក់ទណ្ឌកម្ម ក៏ដូចបង្កើនការដាក់សម្ពាធលើចិនជុំវិញសំណុំរឿងជនជាតិដើមភាគតិចអ៊ុយហ្គ័រក្នុងតំបន់ស៊ីនជាំង និងបញ្ហាទីក្រុងហុងកុង។ ការប្រកាន់ភ្ជាប់គោលនយោបាយទាំងនេះបង្ហាញថាលោក បៃដិនមើលឃើញថាចិនគឺជាការគំរាមកំហែងធំបំផុតសម្រាប់សហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត លោក បៃដិន ក៏បានបង្កើតប្រវត្តិសាស្ត្រថ្មីផងដែរកាលពីប៉ុន្មានថ្ងៃមុននេះ ដោយបានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេបំផុតដែលប្រកាសទទួលស្គាល់ជាផ្លូវការថា ការសម្លាប់រង្គាលប្រជាជនអាមេនី ក្រោមសម័យអាណាចក្រអូតូម៉ង់គឺជាទង្វើ «ប្រល័យពូជសាសន៍» បើទោះជាដឹងថានឹងធ្វើឱ្យខូចទំនាក់ទំនងការទូតជាមួយតួកគី ដែលជាសមាជិកអង្គការ NATO មួយផងនោះ។

*អន្តោប្រវេសន៍

លោក ចូ បៃដិនបានកែប្រែគោលនយោបាយអន្តោប្រវេសន៍មួយចំនួនធំបន្សល់ទុកដោយលោក ដូណាល់ ត្រាំ។ ប៉ុន្តែលោក បៃដិនត្រូវប្រឈមមុខនឹងលំហូរជនអន្តោប្រវេសន៍យ៉ាងច្រើនសន្ធឹកសន្ធាប់នៅឯតំបន់ព្រំដែនជាមួយម៉ិកស៊ីកូ។ លោក បៃដិនបានលុបចោលការសាងសង់ជញ្ជាំងព្រំដែនមួយភាគធំ និងបានលុបចោល បម្រាមធ្វើដំណើរមកកាន់សហរដ្ឋអាមេរិករបស់លោក ត្រាំ លើប្រជាជនមកពីប្រទេសអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើនចំនួន១៣ និងបណ្ដាប្រទេសហ្វ្រិក។

លោក បៃដិនក៏បានសន្យាដែរថានឹងបង្កើនចំនួនជនអន្ដោប្រវេសន៍ដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងសហរដ្ឋអាមេរិក។ តែមកទល់នឹងពេលនេះ លោកនៅតែរក្សាទុក គោលនយាបាយសម័យ COVID-19 របស់លោក ដូណាល់ ត្រាំដដែល។ គោលនយោបាយនេះបានរារាំងការផ្ដល់សិទ្ធិជ្រកកោនសម្រាប់ជនអន្តោប្រវេសន៍ជាច្រើនដែល បានមកដល់តំបន់ព្រំដែនដោយសំអាងលើហេតុផលសុខាភិបាល។ ក្រុមអ្នកការពារសិទ្ធិមនុស្សបារម្ភថាអ្នកស្វែងរកសិទ្ធិជ្រកកោនស្របច្បាប់អាចនឹងត្រូវបណ្ដេញ ឱ្យត្រលប់ទៅប្រទេសរបស់ពួកគេវិញ។

*កាំភ្លើង និងគោលនយោបាយ

ករណីបាញ់ប្រហារដ៏រង្គាលហាក់ដូចជាមានការថយចុះអំឡុងវិធានការបិទខ្ទប់ប្រឆាំង COVID-19។ តែបានកើនឡើងជាថ្មីនៅក្នុងឆ្នាំ២០២១នេះ ដោយគិតត្រឹមថ្ងៃទី២៦ ខែមេសានេះ ការបាញ់ប្រហារ១៦៣ករណីបានកើតឡើង ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ មាន៩៤ករណី។ នេះបើតាមអង្គការ Gun Violence Archive។

ការកើនឡើងករណីបាញ់ប្រហារទាំងនេះរួមទាំងអំពើហិង្សាប្រឆាំងពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ដែលសុទ្ធសឹងតែជាបញ្ហាចាក់ឬសនៅក្នុងសហរដ្ឋអាមេរិក មិនងាយនឹងឱ្យលោក បៃដិនដោះស្រាយបានឡើយ។ លោក បៃដិនបានឱ្យអំពាវនាវលើការរឹតបន្តឹងច្បាប់ប្រើប្រាស់អាវុធ ឬកាំភ្លើង ក្នុងនោះរួមមានទាំងការហាមឃាត់ ការប្រើប្រាស់កាំភ្លើងសម្រាប់ប្រើក្នុងសង្រ្គាម ឬកាំភ្លើងដែលមានសមត្ថភាពបាញ់រះខ្ពស់។ ប៉ុន្តែវិធានការទាំងនោះនៅត្រូវការការអនុម័តពីសភាជាមុនសិន។

លោក បៃដិនបានស្នើឱ្យកញ្ចប់ថវិកាមួយដែលមានបន្ថែមប្រាក់រាប់លានដុល្លារសម្រាប់កម្មវិធីទិញកាំភ្លើងមកវិញដោយស្ម័គ្រចិត្ត។ តែលោកមិនបានសន្យាថានឹងរាយការណ៍ពីបរាជ័យ ឬការធ្វើកំណែទម្រង់កាំភ្លើងរបស់ក្រសួងយុត្តិធម៌អាមេរិកនោះទេ។

*ការប្រែប្រួលអាកាសធាតុ

លោក ចូ បៃដិនបានធ្វើតាមសន្យាភ្លាមៗ ដោយនាំសហរដ្ឋអាមេរិកត្រឡប់ចូលក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសវិញ បន្ទាប់ពីត្រូវបានលោក ត្រាំ ដកខ្លួនចេញ ក្រោមហេតុផលសេដ្ឋកិច្ចជាតិ។ លោក បៃដិនបានដាក់ចេញយុទ្ធសាស្ត្រសម្រេចបាននូវ «អព្យាក្រឹតកាបូន» នៅត្រឹមឆ្នាំ២០៥០។ ទន្ទឹមគ្នា លោក បៃដិនបានបញ្ចេញ ផែនការហេដ្ឋារចនាសម្ព័ន្ធ ២ទ្រីលានដុល្លារក្នុងនោះរួមមានទាំងកញ្ចប់ថវិការាប់ពាន់លានដុល្លារសម្រាប់វិនិយោគលើរថយន្ដអគ្គិសនី និងថាមពលស្អាត។

បន្ថែមពីលើនេះរដ្ឋបាលរបស់លោក បៃដិនក៏បានផ្អាកកិច្ចព្រមព្រៀងថ្មីៗសម្រាប់ការរុករកប្រេង និងឧស្ម័ននៅលើដី និងក្នុងដែនទឹករបស់សហរដ្ឋអាមេរិក ដែលនេះត្រូវបានគេមើលឃើញថាជាការបោះជំហានឆ្ពោះទៅរកការបញ្ឈប់ជាអចិន្ត្រៃយ៍។

*ភាពចម្រុះ

រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ត្រូវបានគេមើលឃើញថាមានភាពចម្រុះទាំងខាងពូជសាសន៍ និងយែនឌឺជាដើម។ មន្ត្រីក្នុងជួររដ្ឋបាលលោក បៃដិន មាន៤៦ភាគរយជាមនុស្សស្រី និង៥០ភាគរយមិនមែនជាពលរដ្ឋអាមេរិកស្បែកស ហើយមកទល់នឹងបច្ចុប្បន្នមន្ត្រីជាន់ខ្ពស់២១ ក្នុងចំណោម២៣រូបនៃគណៈរដ្ឋមន្ត្រី របស់លោកត្រូវបានព្រឹទ្ធសភាបោះឆ្នោតទទួលស្គាល់។ ការស្ទង់មតិជាច្រើនបង្ហាញថាប្រជាជនអាមេរិកច្រើនជាងពាក់កណ្ដាលបានគាំទ្រការបំពេញការងាររបស់លោក បៃដិនមកទល់បច្ចុប្បន្ន៕

ប្រភព៖ Reuters (ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១)