(បាងកក)៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅប្រទេសថៃ (CCSA) បានរាយការណ៍នៅថ្ងៃពុធនេះថា អ្នកជំងឺ COVID-19 ថ្មីៗចំនួន ២,០១២ករណីបន្ថែមទៀត ត្រូវបានរកឃើញ និងអ្នកជំងឺចំនួន ១៥នាក់បន្ថែមទៀត បានបាត់បង់ជាជីវិត ហើយវាជាថ្ងៃទី២ ហើយដែលករណីឆ្លង និងស្លាប់ត្រូវបានរកឃើញមានចំនួនច្រើនបែបនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។

CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២,០០១ករណីជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៨៣០ករណីត្រូវបានរកឃើញនៅទីក្រុងបាងកក, ១៦១ករណីនៅខេត្តសាមុត ប្រាកាន, ១០៨ករណីនៅខេត្ត ឈុនបុរី, និងជាច្រើនករណីទៀត នៅតាមបណ្ដាខេត្តផ្សេងៗ។ ចំណែកឯ ១១ករណីផ្សេងទៀត ជាករណីនាំចូលមកពីក្រៅប្រទេសវិញ។

CCSA បានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមអ្នកស្លាប់ថ្មីៗខាងលើ មាន ០៩ករណីនៅទីក្រុងបាងកក, ០២ករណីនៅខេត្តឈៀងម៉ៃ, ០២ករណីនៅខេត្តសាមុត ប្រាកាន, ០១ករណីទៀតឈុនបុរី និង ០១ករណីទៀតនៅខេត្តរ៉ាណុង។ ពួកគេមានអាយុចន្លោះពី ៣៥-៨៨ឆ្នាំ ហើយពួកគេទាំងអស់សុទ្ធតែមានជំងឺរ៉ាំរ៉ៃប្រចាំកាយ។

គួរបញ្ជាក់ថា ក្រោយបូកសរុបទិន្នន័យថ្មីៗខាងលើ ធ្វើឱ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសថៃកើនឡើងដល់ ៦១,៦៩៩ករណី ក្នុងនោះមានអ្នកស្លាប់ ១៧៨នាក់ និងអ្នកជាសះស្បើយ ៣៤,៤០២នាក់៕