(កង់បេរ៉ា)៖ អូស្រ្តាលីត្រូវរំពឹងថា នឹងចំណាយថវិកា៥៨០លានដុល្លារអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវមូលដ្ឋានយោធាចំនួន០៤កន្លែង នៅភាគខាងជើងប្រទេស ហើយពង្រីកបន្ថែមការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។

ការរំពឹងខាងលើគឺយោងទៅតាមសម្រង់ខ្លឹមសារនៃសេចក្តីប្រកាសមួយ ដែលនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison នឹងធ្វើឡើង ក្នុងថ្ងៃពុធនេះ។ នាឱកាសនោះ លោក Morrison ក៏នឹងថ្លែងយ៉ាងដូច្នេះផងដែរថា «តាមរយៈការធ្វើការជាមួយសហរដ្ឋអាមេរិក យើងនឹងបន្តជំរុញផល ប្រយោជន៍អូស្រ្តាលី តាមរយៈការវិនិយោគឲ្យកាន់តែច្រើន ទៅក្នុងកងកម្លាំងការពារជាតិអូស្រ្តាលី ហើយយើងផ្តោតសំខាន់លើ ការឆ្ពោះទៅសម្រេចបាន សន្តិភាព ស្ថិរភាព និងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលសេរីនិងបើកចំហ ជាមួយសណ្តាប់ធ្នាប់ពិភពលោកមួយ ដែលគាំទ្រប្រជាធិបតេយ្យ»។

គួរបញ្ជាក់ថា អូស្រ្តាលីនឹងចាប់ផ្តើមការធ្វើឲ្យប្រសើរឡើង នូវមូលដ្ឋាននៅតំបន់ភាគខាងជើងប្រទេស ក្នុងឆ្នាំនេះ ហើយនឹងរួចរាល់នៅក្នុង ឆ្នាំ២០២៦។ ជាទូទៅ អូស្រ្តាលីនិងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធយោធារួមគ្នា០២លើកក្នុងមួយឆ្នាំ ជាមួយចំនួនកងទ័ពចូលរួមពីភាគីទាំងសងខាងច្រើនជាង៣០,០០០នាក់៕