(គែរ)៖ អាជ្ញាធរអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃពុធនេះថា អាជ្ញាធរឱសថអេហ្ស៊ីប (EDA) បានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinovac សម្រាប់ការប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១។

លោក Mahmoud Yassin ប្រធានរដ្ឋបាលកណ្តាលរបស់ EDA សម្រាប់ផលិតផលជីវ សាស្ត្រ និងច្នៃប្រឌិតបានមានប្រសាសន៍ថា «ជំហាននេះកើតឡើងនៅក្នុងក្របខ័ណ្ឌ នៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ Covid-19 និងដើម្បីផ្តល់ការវ៉ាក់សាំងដល់ប្រជាជនទាំងអស់»

លោកបានបន្ថែមថា «EDA បានអនុម័តឲ្យប្រើប្រាស់នេះ ធ្វើឡើងបន្ទាប់ពីធ្វើការវាយតម្លៃចាំបាច់ផ្អែកលើលក្ខខណ្ឌអន្តរជាតិ និងក្នុងស្រុកដើម្បីធានានូវប្រសិទ្ធភាព និងគុណភាពនៃវ៉ាក់សាំង»

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសអេហ្ស៊ីបបានអនុម័តលើវ៉ាក់សាំងចំនួន៤ ហើយសម្រាប់ការប្រើប្រាស់បន្ទាន់។ ក្នុងនោះមានដូចជាវ៉ាក់សាំង Sinopharm , Sputnik V របស់រុស្ស៊ី និងវ៉ាក់សាំង Oxford / AstraZeneca COVID និងចុងក្រោយនេះគឺ Sinovac៕