(រ៉ង់ហ្គូន)៖ របបយោធានៅប្រទេសមីយ៉ាន់ម៉ា បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងឆ្លើយតបចំពោះការអំពាវនាវមេដឹកនាំអាស៊ានឱ្យបញ្ឈប់ការប្រើអំពើហឹង្សា ដរាបណាប្រទេសមួយនេះវិលត្រលប់ទៅរកស្ថេរភាពឡើងវិញ ខណៈការវាយប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមជនជាតិភាគតិច ក៏បានផ្ទុះឡើងនៅតាមព្រំដែនភាគខាងកើតរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១។

មេដឹកនាំរបបយោធានៅប្រទេសមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អោង ហ្លេង (Min Aung Hlaing) បានចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយថ្នាក់ដឹកនាំអាស៊ានទាំង ១០ នៅប្រទេសឥណ្ឌូណេស៉ីកាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីព្យាយាមដោះស្រាយវិបត្តិក្នុងប្រទេសរបស់ខ្លួន។ វាជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីលោកបានឡើងកាន់អំណាច។

លទ្ធផលនៃកិច្ចប្រជុំកំពូល មេដឹកនាំអាស៊ានទបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលពួកគេបានឯកភាពគ្នាលើ ៥ចំណុច ដោយបានអំពាវនាវឲ្យរបបយោធាមីយ៉ាន់ម៉ាបញ្ឈប់អំពើហឹង្សាទៅលើក្រុមបាតុករជាបន្ទាន់ និងអនុញ្ញាតឲ្យមានដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសទៅកាន់ប្រទេសអាស៊ានមួយនេះទៀតផង។

ជុំវិញសេចក្តីថ្លែងការណ៍នេះ ក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ាបានឆ្លើយតបថា ខ្លួននឹងពិចារណាលើ «សំណូមពរបែបស្ថាបនាដែលបានធ្វើឡើងដោយមេដឹកនាំអាស៊ានមួយនេះ នៅពេលដែលស្ថានការណ៍ប្រទេស វិលត្រឡប់ទៅរកស្ថេរភាពឡើងវិញ»

យោធាមីយ៉ាន់ម៉ាបានបន្ថែមទៀតថា យោបល់របស់ប្រទេសជិតខាងនឹងត្រូវបានពិចារណាបែបវិជ្ជមាន ប្រសិនបើ (អាស៊ាន) នឹងជួយសម្រួលដល់ការអនុវត្ត នៃផែនទីបង្ហាញផ្លូវប្រាំជំហានរបស់ខ្លួន។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងស្ថានភាពច្របូកច្របល់ចាប់តាំងពីយោធាបានបណ្តេញមេដឹកនាំស៊ីវិល លោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) ចេញពីតំណែងនៅក្នុងរដ្ឋប្រហារមួយ កាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ។ ការនេះបានបង្កឱ្យមានការបះបោរតវ៉ាប្រឆាំងរីករាលពាសពេញប្រទេស ខណៈដែលកងកម្លាំងសន្តិសុខបង្កើនការបង្ក្រាបយ៉ាងសាហាវឃោឃៅប្រឆាំងនឹងក្រុមបាតុករ។ បើតាមក្រុមអ្នកឃ្លាំមើលក្នុងតំបន់ មានមនុស្សជាង ៧៥០នាក់ត្រូវបានសម្លាប់ក្នុងការបង្ក្រាបរបស់កងកម្លាំងសន្តិសុខ ដែលបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសជិតខាង៕