(ញូដេលី)៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសឥណ្ឌា លោក វ៉ា ហ្សាវចៀន (Wang Xiaojian) ក្នុងសប្តាហ៍នេះបាននិយាយថា រដ្ឋាភិបាល និងប្រជាជនចិន គាំទ្រយ៉ាងមុខមាំចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌាជានិច្ច ក្នុងការប្រយុទ្ធប្រឆាំងវិបត្តិជំងឺឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១។

តបនឹងសំណួរអ្នកសារព័ត៌មាន ស្តីពីស្ថានការណ៍ COVID-19 នៅក្នុងប្រទេសឥណ្ឌា លោក Wang កាលពីថ្ងៃចន្ទសប្តាហ៍នេះបានលើកឡើងដូច្នេះថា «យើងនឹងលើកទឹកចិត្ត ព្រមទាំងណែនាំឲ្យក្រុមហ៊ុនចិនឡាយ ចូលរួមសហការឲ្យសកម្មជាមួយឥណ្ឌា ដើម្បីជួយសម្របសម្រួល ក្នុងការទិញគ្រឿងផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ព្រមទាំងផ្តល់ការគាំទ្រ និងជំនួយផ្សេងៗទៅតាមតម្រូវការរបស់ឥណ្ឌា»

លោក Wang បានសង្កត់ធ្ងន់ទៀតថា «វិបត្តិជំងឺ COVID-19 គឺជាសត្រូវរបស់មនុស្សគ្រប់រូបនៅលើពិភពលោក ដែលតម្រូវឲ្យមានការរួមសាមគ្គីភាពជាអន្តរជាតិ និងការជួយគ្នាទៅវិញទៅមក។ ចិនពិតជាមានការសោកស្តាយដោយស្មោះ ចំពោះស្ថានការណ៍ឆ្លងរាតត្បាតធ្ងន់ធ្ងរខ្លាំង ដែលកំពុងកើតឡើងនៅឥណ្ឌា»

គួរបញ្ជាក់ថា ឥណ្ឌាកំពុងប្រឈមនឹងការខ្វះខាតបរិក្ខាវេជ្ជសាស្រ្ត ជាពិសេសគឺខ្យល់អុកស៉ីហ្សែនសម្រាប់អ្នកជំងឺ ស្របពេលដែលប្រទេសអាស៉ីខាងត្បូងមួយនេះ កំពុងរងការវាយប្រហារដោយការរាតត្បាតរលកថ្មី សាហាវជាងឆ្នាំមុនទៅទៀត។ ថ្ងៃអង្គារនេះ គឺជាថ្ងៃទី០៦ហើយ ដែលឥណ្ឌាបានកត់ត្រា ចំនួនករណីឆ្លង COVID-19 ច្រើនជាង ៣០០,០០០នាក់ក្នុងមួយថ្ងៃ ខណៈចំនួនអ្នកជំងឺស្លាប់ថ្មីក៏មាន ២,៧៧១នាក់ផងដែរ។ សរុបឥណ្ឌាមានករណីឆ្លងកើនដល់ ១៧,៦៣៦,៣០៧នាក់ ក្នុងនោះករណីស្លាប់កើនដល់ ១៩៧,៨៩៤នាក់៕