(ស៉ីដនី)៖ នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសអូស្ត្រាលី នឹងផ្អាករាល់ជើងហោះហើរដឹកអ្នកដំណើរទាំងអស់ ដែលហោះត្រង់មកពីប្រទេសឥណ្ឌា ចាប់ពីពេលឥឡូវរហូតដល់ថ្ងៃទី១៥ ខែឧសភា បន្ទាប់ពីការឆ្លងរាតត្បាតនៃជំងឺ COVID-19 បានកើនឡើងយ៉ាងគំហុក នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតទី២ នៅលើពិភពលោកមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១។

ប្រទេសឥណ្ឌា បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗជាង៣០ម៉ឺនករណី សម្រាប់រយៈពេល០៦ថ្ងៃជាប់ៗគ្នា ហើយគិតត្រឹមថ្ងៃអង្គារនេះ ខណៈអ្នកស្លាប់ថ្មីៗចំនួន ២,៧៧១នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ ប៉ុន្តែអ្នកជំនាញផ្នែកសុខាភិបាលជឿថា ចំនួនករណីជាក់ស្តែង អាចខ្ពស់ជាងនេះ។

កាលពីសប្តាហ៍មុន ប្រទេសអូស្រ្តាលី ធ្លាប់បានប្រកាសថា ខ្លួននឹងកាត់បន្ថយចំនួនពលរដ្ឋអូស្រ្តាលី ដែលអាចវិលត្រឡប់ពីប្រទេសឥណ្ឌា និងបណ្តាប្រទេសដែលស្ថិតក្នុងតំបន់ក្រហមផ្សេងទៀត ដើម្បីទប់ស្កាត់នឹងហានិភ័យ នៃការឆ្លងរីករាលដាលជំងឺ COVID-19 ខ្លាំងឡើងវិញនៅក្នុងប្រទេស។

ប្រទេសអូស្រ្តាលី បានបិទព្រំដែនរបស់ខ្លួនចំពោះអ្នកដែលមិនទាន់មានសញ្ជាតិ និងអ្នករស់នៅជាអចិន្ត្រៃយ៍ កាលពីខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 មកក្នុងប្រទេស។ អ្នកធ្វើដំណើរដែលវិលត្រឡប់មកវិញទាំងអស់ ត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល២សប្តាហ៍ ដោយចំណាយថវិកាផ្ទាល់ខ្លួន។

ប្រព័ន្ធចត្តាឡីស័ក បានជួយប្រទេសអូស្រ្តាលីយ៉ាងច្រើន ក្នុងការរក្សាចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអូស្រ្តាលីឱ្យនៅទាប គឺតិចជាង ២៩,៧០០ករណី និងករណីស្លាប់មានចំនួន ៩១០នាក់៕