(សិង្ហបុរី)៖ ការប្រកាសពីការចាប់ផ្ដើមដំណើរការឡើងវិញ នូវគោលការណ៍ធ្វើដំណើរដោយពុំចាំបាច់ធ្វើចត្តាឡីស័ក ឬ travel bubble រវាងសិង្ហបុរី និងទីក្រុងហុងកុង បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកដំណើរដែលមានបំណងធ្វើដំណើរ ទៅនឹងមករវាងភាគីទាំង២។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១។

ក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific ដែលជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោម២ ដែលត្រូវបានជ្រើសរើសសម្រាប់ប្រតិបត្តិការ ហោះហើរ travel bubble បានឱ្យដឹងថា មានភាពវិជ្ជមានជាច្រើន ក្រោយប្រកាសពីការចាប់ផ្ដើមដំណើរការឡើងវិញនូវគោលការណ៍ធ្វើដំណើរ ដោយពុំចាំបាច់ធ្វើចត្តាឡីស័ក ឬ travel bubble កាលពីថ្ងៃចន្ទម្សិលមិញ។ «កៅអីអង្គុយនៅលើជើងហោះហើរ travel bubble របស់យើងត្រូវបានលក់ចេញ យ៉ាងឆាប់រហ័ស ខណៈជើងហោះហើរមួយចំនួនទៀតកំពុងទទួលការកក់ទុក និងលក់ចេញជាបណ្ដើរៗ»។ នេះបើតាមអ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Cathay។

គួរបញ្ជាក់ថា ទីក្រុងហុងកុង និងសិង្ហបុរី បានឯកភាពលើការចាប់ផ្ដើមដំណើរការឡើងវិញ នូវគោលការណ៍ធ្វើដំណើរ ដោយពុំចាំបាច់ធ្វើចត្តាឡីស័ក ឬ travel bubble ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភាខាងមុខនេះ៕