(ប៉េកាំង)៖ ក្តីសង្ឃឹមនៃប្រទេសជាតិផ្អែកលើយុវជន អនាគតនៃប្រជាជាតិផ្អែកលើយុវជន។ លោក ស៊ី ជីនភីង អគ្គលេខាធិការនៃមជ្ឈិមបក្សកុម្មុយនិស្តចិ នធ្លាប់លើកទឹកចិត្តជាច្រើនលើកឱ្យយុវជនធ្វើការច្នៃប្រឌិតថ្មី។ នៅថ្ងៃទី០៤ ខែឧសភា ខាងមុខ ជាទិវាយុវជនប្រទេសចិន។ ទិវាមួយនេះបង្កើតឡើងជាពិសេសដើម្បីយុវជន ហើយរដ្ឋាភិបាលចិនក៏មានការផ្តល់រង្វាន់ដ៏ពិសេសមួយដល់យុវជន ដែលខិតខំតស៊ូយ៉ាងក្លាហាន ដើម្បីបុព្វហេតុមាតុប្រទេស និងជនរួមជាតិផងដែរ។

* រឿងរ៉ាវរបស់យុវជនចិនដែលតស៊ូនៅជួរមុខ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនាដើមឆ្នាំ២០២០ ដែលជាគ្រាពិបាកបំផុតនៃការប្រយុទ្ធប្រឆាំងនឹង ការរាលដាលនៃជំងឺកូវីដ19 យុវជនចិនជាកម្លាំងសំខាន់បំផុត ដែលទទួលបន្ទុកប្រយុទ្ធនឹងជំងឺឆ្លង។

«ត្រៀមខ្លួនជានិច្ច អាចទៅជួរមុខភ្លាមៗ» «មុខជំនាញខ្ញុំអាចប្រើបាន ខ្ញុំស្ម័គ្រចិត្តទៅជួយការងារនៅជួរមុខ» ... ពេលដឹងថាទីក្រុងវូហានត្រូវការបុគ្គលិកវេជ្ជសាស្ត្រជាបន្ទាន់ ដើម្បីទប់ទល់សភាពការណ៍រាតត្បាតយ៉ាងខ្លាំងនៃជំងឺកូវីដ19 ដ៏កាចសាហាវ គ្រប់សាខាមន្ទីរពេទ្យ នៃសកលវិទ្យាល័យប៉េកាំង បានឆ្លើយតបយ៉ាងសកម្ម ដោយបានចាត់បញ្ជូនបុគ្គលិកវេជ្ជសាស្ត្រចំនួន ៤២៨នាក់ ទៅកាន់ខេត្តហ៊ូប៉ី ក្នុងនោះយុវជនមានអាយុក្រោម ៣៥ឆ្នាំមានចំនួន២៨២នាក់។

ក្នុងនោះអ្នកខ្លះទើបបានកូន អ្នកខ្លះបានពន្យារពេលរៀបអាពាហ៍ពិពាហ៍ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២០ គ្រូពេទ្យវ័យក្មេងទាំងនេះ បានទៅជួយសង្គ្រោះជីវិតនៅជួរមុខ នៃការបង្កាជំងឺឆ្លងដោយអង់អាចក្លាហាន ដើម្បីធ្វើជាមហាកំពែង សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។

សមាជិកក្មេងបំផុតក្នុងក្រុមវេជ្ជសាស្ត្រនោះ កើតនៅឆ្នាំ១៩៩៧។ គាត់បានតស៊ូរហូតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ICU និងបានឆ្លងថ្ងៃខួបកំណើតរបស់ខ្លួន នៅជួរមុខនៃការប្រយុទ្ធនឹងជំងឺឆ្លង។ ការងារវេជ្ជសាស្ត្រ មួយចំណែកគឺការព្យាបាល មួយចំណែកទៀតគឺថែទាំនិងជួយលើកទឹកចិត្តអ្នកជំងឺ។ អ្នកជំងឺធ្ងន់ធ្ងរដែលធ្វើចត្តាឡីស័ក ញាតិសន្តានមិនត្រូវបានអនុញ្ញាតឱ្យទៅថែទាំនោះទេ ការហូបចុក ការបត់ជើងធំនិងតូច ការថែទាំសុខភាព ត្រូវពឹងផ្អែកលើបុគ្គលិកវេជ្ជសាស្ត្រទាំងអស់។

ក្រៅពីពិនិត្យអាការៈរបស់អ្នកជំងឺឈឺធ្ងន់ធ្ងរបំផុត ក្រុមវេជ្ជសាស្ត្រក៏បានបន្ថែមការងារថែទាំ បោះសម្អាត និងជញ្ជូនម្ហូបអាហារ។ នេះជាការគោរពនិងយកចិត្តទុកដាក់ចេញពីដួងចិត្តរបស់ក្រុមវេជ្ជសាស្ត្រ។ សមាជិកបក្សកុម្មុយនិស្តចិនវ័យក្មេងក្នុងក្រុមវេជ្ជសាស្ត្រនោះ បាននិយាយថា៖ “ដំណើរដ៏ពិសេសនេះជាទ្រព្យសម្បត្តិដ៏មានតម្លៃនៃជីវិតខ្ញុំ ក៏នឹងលើកទឹកចិត្តខ្ញុំកុំឱ្យខ្លាចការលំបាកនិងបញ្ហា ត្រូវទទួលខុសត្រូវដោយក្លាហាន!”

* រឿងរ៉ាវរបស់យុវជនចិនដែលអនុវត្តនិងជំរុញផ្ទាល់ នូវការលុបបំបាត់ភាពក្រីក្រ

«កាលនោះអ្នកទាំងឡាយសុទ្ធតែសម្គាល់ថា ខ្ញុំជាក្មេងស្រីម្នាក់ ធ្វើការងារនេះមិនកើតទេ» កញ្ញា វ៉ាងមឹងមឹង ចាំច្បាស់នូវគ្រាដែលទើបធ្វើជា កម្មាភិបាលប្រចាំភូមិស៊ីខុង ស្រុកទីងយួន ខេត្តអានហួយ នាឆ្នាំ២០១៣។ កាលនោះ ភូមិ ស៊ីខុង ពិបាកធ្វើដំណើរទៅមក ការអភិវឌ្ឍអន់ថយ អ្នកភូមិខំដាំស្រូវតែបានប្រាក់ចំណូលតិចតួច។ បន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវ វ៉ាងមឹងមឹង បានរកឃើញថា ភូមិនេះមានសណ្ឋានដីរាបស្មើ ដីមានជីជាតិ ហើយច្រកផ្លូវល្បឿនលឿននៅក្បែរមាត់ភូមិផង ពោលគឺមានអំណោយផលខ្លាំង បើអភិវឌ្ឍវិស័យកសិកម្មទេសចរណ៍ទំនើប ។ ដូច្នេះហើយ វ៉ាងមឹងមឹង ក៏ចាប់ផ្តើមអំពាវនាវអ្នកភូមិឱ្យដាំផ្លែស្ត្រប៊ឺរីវិញ ដែលអាចផ្តល់ផលចំណេញច្រើនជាងមុន។

អ្នកភូមិមិនជឿនាងទេ វ៉ាងមឹងមឹង ក៏បានធ្វើការពន្យល់និងផ្សព្វផ្សាយតាមផ្ទះនីមួយៗ, ដើមស្ត្រប៊ឺរីងាប់ក៏ដកចេញដាំថ្មីបន្ថែម, មិនចេះបច្ចេកទេសដាំ គ្មានថវិកាអញ្ជើញអ្នកជំនាញមកបង្ហាត់បង្រៀន វ៉ាងមឹងមឹង បានទៅរៀនសូត្រដោយផ្ទាល់។ល។ ក្រោមការនាំមុខរបស់ វ៉ាងមឹងមឹង អ្នកភូមិកាន់តែច្រើនឡើងបានផ្លាស់ប្តូរគំនិត ហើយភូមិស៊ីខុងបានបង្កើតចំការស្ត្រប៊ឺរី ចំការបន្លែផ្លែឈើ ចំការទំពាំងបាយជូរជាបន្ទាប់។

ក្រៅពីនេះ វ៉ាងមឹងមឹង មិនដែលភ្លេចភារកិច្ចរបស់កម្មាភិបាលបក្ស អំពីការជំរុញឱ្យប្រជាជនចេញផុតពីភាពក្រីក្រ និងទទួលបានជីវភាពធូរធាបង្គួរនោះទេ នាងបានបើកវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ បានជួយកសាងមណ្ឌលព័ត៌មានឱកាសការងារជាដើម ដើម្បីនាំគ្នាប្រជាជនចេញផុតពី ភាពក្រីក្រតាមរយៈការអភិវឌ្ឍឧស្សហកម្ម។

បច្ចុប្បន្ននេះ ភូមិស៊ីខុង បានក្លាយជាភូមិគំរូនៃការធ្វើឧស្សាហកម្ម។ វ៉ាងមឹងមឹង កំពុងគិតពិចារណាពី ការបង្កើនប្រាក់ចំណូលរបស់អ្នកភូមិ។ អ្នកភូមិវ័យក្មេងកាន់តែច្រើនចង់ត្រឡប់ មកធ្វើការនៅស្រុកកំណើត។ កញ្ញាបានយល់ឃើញថា៖ ការអភិវឌ្ឍជនបទត្រូវការកម្លាំងយុវជន ត្រូវផ្តល់ឱកាសការងារដល់ពួកគេ ដើម្បីរួមគ្នាសម្រេចសុបិនអភិវឌ្ឍន៍ជនបទ ។

លោក ស៊ី ជីនភីងបានផ្តល់អនុសាសន៍ដល់យុវជនចិនថា៖ ទទួលបានជីវភាពល្អ ត្រូវដឹងគុណ សងគុណ ហូបទឹកនឹកដល់ប្រភពដើម។ គោលដៅជីវិតរបស់យុវជនខុសៗគ្នា ជម្រើសមុខរបរក៏ខុសគ្នា ក៏ប៉ុន្តែបើអាចគិតគូរពីតម្រូវការនៃមាតុប្រទេស រួមជោគវាសនាជាមួយប្រជាជន នោះក៏អាចទទួលបានតម្លៃជីវិតយ៉ាងប្រាកដប្រជា។

យុវជនត្រូវរីកចម្រើនតាមរយៈការអនុវត្តជាក់ស្តែង។ ការតស៊ូគឺធ្វើការងារតូចឱ្យបានល្អ សម្រេចភារកិច្ចនីមួយៗ ដើរតួនាទីឱ្យបានល្អ។ យុវជនជាអនាគតនៃប្រទេសជាតិនិងពិភពលោក។ យុវជនចិនក្នុងយុគសម័យថ្មី ត្រូវបន្តប្រកាន់ខ្ជាប់ស្មារតីប្រពៃណី របស់ប្រជាជាតិចិនស្តីពី «ពិភពលោកទាំងមូលជាមហាគ្រួសារមួយ» ខិតខំតស៊ូដើម្បីស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនផង និងដើម្បីជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិផង៕