(បរទេស)៖ ករណីឆ្លងជំងឺកូវីដ១៩ក្នុងមួយថ្ងៃនៅឥណ្ឌា បានកើនឡើងលើសពី ៣សែននាក់ក្នុងរយៈពេល៦ថ្ងៃជាប់ៗគ្នា។ ជនជាតិឥណ្ឌាជាច្រើនបានដុតសពរបស់សាច់ញាតិ នៅហ្នឹងកន្លែងដោយខានពុំបាន។ ប្រការនេះត្រូវទីភ្នាក់ងារសារព័ត៌មាន Reuters ពិពណ៌នាថា ជា “នរកលោកិយ”។

ខណៈពេលសោកនាដកម្ម ដែលការបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ តាមដងវិថីឥណ្ឌាកាន់តែច្រើនឡើងៗ តើសតិសម្បជញ្ញៈរបស់ “អ្នកកាន់វ៉ាក់សាំងជាតិនិយម” ទាំងនោះអាចត្រូវភ្ញាក់រលឹកបានទេ?
ដោយសារបានរងសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងៗ ទីបំផុតរដ្ឋាភិបាលអាមេរិក បានប្រកាសសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៥ខែមេសា តាមម៉ោងក្នុងតំបន់ថា នឹងផ្តល់ធនធានវេជ្ជសាស្ត្រ ក្នុងនោះបូករួមទាំងវត្ថុធាតុដើមសម្រាប់ផលិតវ៉ាក់សាំង ដល់ប្រទេសឥណ្ឌា។

ប៉ុន្តែអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតឥណ្ឌា មិនពេញចិត្តចំពោះការសម្តែងអាកប្បកិរិយារបស់អាមេរិក ដែលបានធ្វើឡើងយឺតៗនោះទេ។ ក្តីខឹងសម្បារបស់ អ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតឥណ្ឌា គឺអាចយោគយល់បាន។
កាលពីខែមេសាឆ្នាំ២០២០ រដ្ឋាភិបាលអាមេរិកអាណត្តិមុនបានដាក់កំហិត ទៅលើការនាំចេញវត្ថុធាតុដើមសម្រាប់ផលិតវ៉ាក់សាំង ដោយសារឈរលើមូលដ្ឋានស្តីពីការតម្កល់ទុក «សហរដ្ឋអាមេរិកជាអាទិភាព»។ ហើយបន្ទាប់ពីរដ្ឋាភិបាលរបស់លោក Joe Biden បានឡើងកាន់មុខតំណែង បានបន្តអនុវត្តបម្រាមនេះតទៅទៀត។ ប្រការនេះនាំឱ្យខ្សែផលិតវ៉ាក់សាំងរបស់ឥណ្ឌា ប្រឈមមុខនឹងវិបត្តិបញ្ឈប់ផលិតកម្មទាំងបង្ខិតបង្ខំ។

ពិតមែនតែឥណ្ឌាជាតំបន់ផលិតវ៉ាក់សាំង ដ៏សំខាន់បំផុតមួយលើទូទាំងពិភពលោកក៏ដោយ ក៏ប៉ុន្តែបច្ចុប្បន្ននេះ មានប្រជាជនត្រឹមតែ ៨.៦ភាគរយយ៉ាងហោចណាស់ បានចាក់វ៉ាក់សាំងមួយដូស។ អ្វីដែលកាន់តែអាក្រក់ទៅគឺ សភាពជំងឺកូវីដ១៩នៅឥណ្ឌាមានភាពកាន់តែធ្ងន់ធ្ងរ កំពុងរារាំងដំណើរការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ជាសកល។

ឥណ្ឌាជាពាណិជ្ជករផ្គត់ផ្គង់ធំបំផុតក្នុង «ផែនការអនុវត្តវ៉ាក់សាំងជំងឺកូវីដ១៩» ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ហើយបានទទួលការបញ្ជាទិញវ៉ាក់សាំងជំងឺកូវីដ១៩ មួយចំនួនដូចជាវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ជាដើម។ ការរីករាលដាលនៃជំងឺកូវីដ១៩នៅឥណ្ឌា មានភាពអាប់អួរទៅព្រមទាំងកត្តាដូចជា សហរដ្ឋអាមេរិកដាក់កំហិតទៅលើការនាំចេញជាដើម នឹងកាត់បន្ថយល្បឿនផលិតវ៉ាក់សាំង។
ប្រទេសដែលកំពុងរង់ចាំវ៉ាក់សាំងជាបន្ទាន់នោះ ប្រហែលនឹងត្រូវការពេលវេលាកាន់តែយូរ ទើបអាចទទួលបានវ៉ាក់សាំង។

វីរុសមិនមែនជារឿងនយោបាយនោះទេ ហើយក៏មិនមែនជារឿងលុយកាក់ផងដែរ។ គិតមកទល់បច្ចុប្បន្ននេះ ករណីស្លាប់ដោយសារឆ្លងជំងឺកូវីដ១៩ លើទូទាំងពិភពលោកមានចំនួនលើសពី ៣លាននាក់ ហើយតួលេខនេះនៅតែបន្តកើនឡើងទៀត។ ប្រសិនបើមិនអាចចែកចាយវ៉ាក់សាំងដោយស្មើគ្នា នោះ «អ្នកកាន់វ៉ាក់សាំងជាតិនិយម» ទាំងនោះ ក៏មិនអាចយកសុខតែខ្លួនឯងនោះទេ៕ (#CCFR Comment#)