(ណៃពិដោ)៖ ការប្រយុទ្ធគ្នាបានផ្ទុះឡើង នៅជំរំយោធាមួយកន្លែងរបស់មីយ៉ាន់ម៉ា ដែលស្ថិតនៅក្បែរព្រំប្រទល់ភាគខាងកើត ជាប់ជាមួយប្រទេសថៃនៅថ្ងៃអង្គារនេះ ខណៈកន្លែងនោះជាតំបន់មួយ ដែលភាគច្រើនស្ថិតក្រោមការគ្រប់គ្រងរបស់ កងទ័ពជនជាតិភាគតិចការ៉ែន (Karen)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១។

ក្រុមមួយនៃជនជាតិភាគតិចមួយឈ្មោះថា សម្ព័ន្ធជាតិការ៉ែន (Karen National Union ឬ KNU) បានអះអាងថា កងកម្លាំងរបស់ខ្លួនដណ្តើមគ្រប់គ្រងបាន ជំរំយោធាមីយ៉ាន់ម៉ាខាងលើ ក្នុងការប្រយុទ្ធគ្នាកាលពីវេលាទាបភ្លឺថ្ងៃអង្គារនេះ។ លោក ផាដូហ៍ សរ ត នី (Padoh Saw Taw Nee) ប្រធានផ្នែកកិច្ចការបរទេសរបស់ក្រុម KNU បាននិយាយថា ជំរំយោធាមីយ៉ាន់ម៉ានោះត្រូវបានចូលកាន់កាប់ និងដុតបំផ្លាញចោល ខណៈចំនួនអ្នកស្លាប់ និងរបួស មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។ ចំណែកខាងយោធាមីយ៉ាន់ម៉ា ក៏មិនឃើញទាន់ធ្វើការអត្ថាធិប្បាយអ្វីដែរ។

គួរបញ្ជាក់ថា ចាប់តាំងតែពីយោធាមីយ៉ាន់ម៉ា បានឡើងគ្រប់គ្រងអំណាច ក្រោយផ្តួលរំលំរដ្ឋាភិបាលស៉ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី មក កងកម្លាំងរបស់ក្រុម KNU ក៏បានប៉ះទង្គិចគ្នាជាមួយកងទ័ពមីយ៉ាន់ម៉ា នៅកន្លែងផ្សេងៗទៀតដែរ ខណៈកន្លងមកក្រុមប្រដាប់អាវុធជនជាតិ ភាគតិចមីយ៉ាន់ម៉ាមួយចំនួន បានចេញមុខបង្ហាញការគាំទ្រដល់ ចលនាបាតុកម្មប្រឆាំងរបបយោធា៕