(បាងកក)៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ (CCSA) បានប្រកាសនៅថ្ងៃព្រឹកថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះថា អ្នកជំងឺ COVID-19 រហូតដល់ ១៥នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលជាចំនួនករណីស្លាប់ច្រើនបំផុត មិនធ្លាប់មាននោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។

CCSA បានគូសបញ្ជាក់ទៀតថា នៅក្នុងរយៈពេល ២៤ម៉ោងដូចគ្នា អ្នកឆ្លងជំងឺ COVID-19 សរុប ២,១៧៩នាក់ទៀតក៏ត្រូវបានរកឃើញផងដែរ ក្នុងនោះ ២,១៤៩នាក់ជាករណីឆ្លងក្នុងស្រុក និង ២៥នាក់ទៀតជាករណីនាំចូលមកពីក្រៅប្រទេស។ ទីក្រុងបាងកក, ខេត្តឈៀងម៉ៃ, ខេត្តឈុនបុរី និងសាមុតប្រាកាន នៅតែតំបន់ដែលកំពុងរងការវាយលុក ខ្លាំងក្លាជាងគេដោយសារ COVID-19 នៅក្នុងប្រទេសថៃ។

គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 នៅថៃកើនដល់ជិត ៦០,០០០ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១៦៣នាក់ និងជះស្បើយឡើងវិញជិត ៣២,០០០នាក់។ បើតាម CCSA ពេលនេះអ្នកជំងឺ COVID-19 កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ បានកើនឡើងដល់ជិត ២៦,០០០នាក់ ក្នុងនោះ ១៦៩នាក់កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយមានបំពាក់ឧបករណ៍ជំនួយការដកដង្ហើម៕