(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ាបាននិយាយថាលោកពិតជាឈឺចិត្តយ៉ាងខ្លាំងដល់ថ្នាក់ស្ទើរគ្រាំគ្រាបេះដូង ចំពោះអំពើហិង្សាដែលយោធាមីយ៉ាន់ម៉ាប្រើប្រាស់ប្រឆាំងនឹងជនស៊ីវិល ដោយលោកអំពាវនាវឱ្យពិភពលោកកុំទទួលស្គាល់របបយោធា។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏កម្រមួយចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ លោក អូបាម៉ាក៏បានបង្ហាញការគំាទ្រផងដែរដល់វិធានការដាក់ទណ្ឌកម្ម របស់រដ្ឋបាលលោក ចូ បៃដិន និងបណ្ដាប្រទេសដទៃទៀតលើក្រុមឧត្ដមសេនីយ៍មីយ៉ាន់ម៉ាក្នុងបុព្វហេតុស្ដារប្រជាធិបតេយ្យឡើងវិញ។ លោក អូបាម៉ា បានគូសបញ្ជាក់ដូច្នេះថា៖ «ទង្វើខុសច្បាប់ និងដ៏សាហាវឃោរឃៅរបស់យោធាមីយ៉ាន់ម៉ាដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន...នឹងបង្ហាញកាន់តែច្បាស់ថាវានឹងមិនត្រូវបានប្រជាជនទទួលស្គាល់ឡើយ ហើយក៏មិនត្រូវបានពិភពលោកទទួលស្គាល់នោះដែរ»

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក បារ៉ាក់ អូបាម៉ាកើតមានឡើងបន្ទាប់ពីថ្នាក់ដឹកនាំអាស៊ានបានជួបប្រជុំជាមួយអគ្គមេបញ្ជាការយោធា មីយ៉ាន់ម៉ា លោក មីន អោង ហ្លេង ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីកាលថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។ ថ្នាក់ដឹកនាំអាស៊ាន បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងដោះលែងអ្នកដែលកំពុងជាប់ឃុំទាំងអស់ក្នុងនោះរួមមានទាំងលោកស្រី អោង សាន ស៊ូជី ឱ្យមានសេរីភាពឡើងវិញ។

បើតាមអង្គការសង្គមស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ា មកទល់នឹងពេលនេះ មនុស្សច្រើនជាង៧៥០នាក់ហើយបានស្លាប់ និង៣,៤៣១នាក់ កំពុងជាប់ឃុំ ចាប់តាំងពីយោធាមីយ៉ាន់ម៉ាប្រើប្រាស់កម្លាំងបាយបង្ក្រាបលើក្រុមបាតុករ ចាប់តាំងមានព្រឹត្តិការណ៍ដែលអន្តរជាតិហៅថា
ជារដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈមក៕