(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា កិច្ចព្រមព្រៀងមួយរវាងសហរដ្ឋអាមេរិក និងប្រទេសចំនួន ០៣ ទៀតដែលជាសមាជិកនៃក្រុមប្រទេស ក្វាដ (Quad) ក្នុងការផលិតវ៉ាក់សាំងចំនួន ១ពាន់លានដូស នៅក្នុងប្រទេសឥណ្ឌានៅមុនដំណាច់ឆ្នាំ២០២២ ដើម្បីផ្គត់ផ្គង់ដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ី នៅតែបន្តដំណើរការទៅមុខយ៉ាងរលូន បើទោះជាករណីឆ្លង COVID-19 នៅក្នុងប្រទេសឥណ្ឌាកើនឡើងយ៉ាងគំហុកក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១។

កិច្ចព្រមព្រៀងផលិតវ៉ាក់សាំង COVID-19 មួយពាន់លានដូសខាងលើ ត្រូវបានធ្វើឡើងកាលពីខែមីនាកន្លងទៅ ក្នុងកិច្ចប្រជុំសន្តិសុខចតុភាគី ឬគេស្គាល់ថា Quad ដែលមានប្រទេសជាសមាជិកដូចជា សហរដ្ឋអាមេរិក, ឥណ្ឌា, ជប៉ុន និងអូស្ត្រាលី។ នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកបានយលព្រមថានឹងផ្ដល់ហិរញ្ញវត្ថុដល់
ក្រុមហ៊ុនផលិតឱសថឥណ្ឌា បាយអូឡូជីខល អ៊ី (Biological E) សម្រាប់ការផលិតវ៉ាក់សាំង ១ពាន់លានដូសនៅមុនដំណាច់ឆ្នាំ២០២២។ ចំណែកឯជប៉ុនក៏បានឯកភាពថា នឹងផ្ដល់ប្រាក់កម្ចីជាទឹកប្រាក់ដល់ឥណ្ឌា ដើម្បីពង្រីកសមត្ថភាពផលិតវ៉ាក់សាំងផងដែរ ខណៈប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ធ្លាប់បានសង្កត់ធ្ងន់ថា វ៉ាក់សាំងទាំងនេះនឹងត្រូវបញ្ជូនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ឬតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោក។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងផលិតវ៉ាក់សាំងរបស់បណ្ដាប្រទេសជាសមាជិក Quad ត្រូវបានគេមើលឃើញថា គឺជាការប្រជែងវ៉ាក់សាំងការទូតជាមួយចិន ដែលបានដើរមុនគេ ជាមួយការចែករំលែកវ៉ាក់សាំង ទៅកាន់បណ្ដាប្រទេសជាច្រើនទាំងជាអំណោយ និងការធ្វើពាណិជ្ជកម្ម៕