(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានសម្រេចបណ្តេញភារៈយោធារបស់ស្ថានទូតអ៊ីតាលីប្រចាំទីក្រុងមូ៉ស្គូម្នាក់ចេញពីប្រទេស ដើម្បីជាការសងសឹក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១។

ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅប្រទេសរុស្ស៊ី គឺលោក Pascual Terracciano ត្រូវបានគេអញ្ជើញឱ្យទៅក្រសួងការបរទេសរុស្ស៊ី ជាទីដែលលោកត្រូវបានគេជូនដំណឹងថា អ្នកតំណាងកងទ័ពជើងទឹកម្នាក់របស់ប្រទេសខ្លួនឥឡូវនេះ គឺជា «មនុស្សម្នាក់ដែលត្រូវបានគេមិនពេញចិត្ត» ហើយត្រូវតែចាកចេញពីប្រទេសរុស្ស៊ីក្នុងរយៈពេល ២៤ម៉ោង។

គួរបញ្ជាក់ថា ការសម្រេចចិត្តនេះបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការបណ្តេញបុគ្គលិកពីរនាក់នៃស្ថានទូតរុស្ស៊ីប្រចាំទីក្រុងរ៉ូម កាលពីថ្ងៃទី៣១ ខែមីនាកន្លងទៅ ជុំវិញរឿងអាស្រូវចារកម្មមួយ៕